(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៥ ក្នុងគោលដៅទាក់ទាញវិនិយោគិនបរទេស និងកូរ៉េ កាន់តែច្រើនមកកាន់កម្ពុជា។

មហាសន្និបាត KOCHAM បានធ្វើឡើងនៅសណ្ឋគារ Oakwood Phnom Penh ក្រោមអធិបតីភាព លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង លោក Kio An ប្រធានក្រុមប្រឹក្សាភិបាល KOCHAM ព្រមទាំងថ្នាក់ដឹងជាន់ខ្ពស់ និងភ្ញៀវកត្ដិយសជាច្រើនរូប។ មហាសន្និបាតនេះ មានគោលបំណងពិនិត្យការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េ មកកាន់កម្ពុជា ដើម្បីឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក Kio An ប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថ KOCHAM មានអាយុ១៩ឆ្នាំហើយ ដោយមានសមាជិកទាំងអស់ ២០០នាក់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកំឡុងឆ្នាំ២០០៨-២០១០ ដែលចំនួនទឹកប្រាក់ វិនិយោគរបស់កូរ៉េ បានឈានមុខគេមួយក្នុងចំណោមអ្នកវិនិយោគបរទេសផ្សេងៗ។ យោងតាមក្រសួងការបរទេសកូរ៉េ ការវិនិយោគរបស់កូរ៉េបានកើនឡើងរហូត ៨.១ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២៣។

លោកបានបន្តថា ក្នុងនាមជាដៃគូយុទ្ធសាស្រ្ត ប្រកបដោយសក្តានុពលមួយ នៅក្នុងសហគមន៍អាស៊ាន ប្រទេសកម្ពុជាមានបរិយាកាសវិនិយោគល្អ ស្ថិរភាពផ្នែកនយោបាយ មានសន្តិភាពពេញបរិបូរណ៍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីជនបទ ដល់ទីក្រុង និងកម្លាំងពលកម្មវ័យក្មេងពោរពេញដោយឋាមពល ដែលផ្តល់ជាកាលានុវត្តភាពថ្មីសម្រាប់អ្នកវិនិយោគបរទេស ដែលមានបំណងមកបណ្តាក់ទុនរកស៊ី ក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

នាឱកាសនោះដែរ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត បានលើកឡើងថា ក្នុងប្រទេសកម្ពុជា បានឆ្លងកាត់ការលំបាកធំៗជាច្រើន ហើយបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងអស្ចារ្យ ក្នុងទីផ្សារសេដ្ឋកិច្ចសម័យទំនើបមួយ និងបានធ្វើសមាហរណកម្មយ៉ាងខ្លាំងទៅក្នុងទីផ្សារក្នុងតំបន់ និងសកលលោក យ៉ាងឆាប់រហ័ស។ កម្ពុជាបានបង្ហាញពីភាពធុន ផ្នែកសេដ្ឋកិច្ច ដោយរក្សាបាន អត្រាកំណើន ប្រចាំឆ្នាំជាមធ្យម៧ភាគរយ សម្រាប់រយៈពេល២ទសវត្សរ៍ នៅមុនវិបត្តិជំងឺរាតត្បាតសកលកូវីដ។ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនកន្លងទៅក៏ដោយ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ជាមួយអត្រាកំណើន៥ភាគរយ កាលពីឆ្នាំ២០២៣ និងកើនដល់៦ភាគរយ នៅឆ្នាំ២០២៤ ហើយអាចដល់៦.៣ភាគរយ ក្នុងឆ្នាំ២០២៥នេះ។ រហូតដល់ឆ្នាំ២០២៨ អត្រាកំណើនត្រូវបានរំពឹងថា នឹងវិលត្រឡប់ទៅរកអត្រាមុន ពេលមានវិបត្តិកូវិដវិញ គឺខ្ទង់៧ភាគរយ។

លោកបានបន្ដថា លើសពីកិច្ចសហប្រតិបត្តិការក្នុងតំបន់នៅក្នុងអាស៊ាន ប្រទេសកម្ពុជា កំពុងពង្រីកបណ្តាញពាណិជ្ជកម្មសកលរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា FTA រវាងកម្ពុជា-ចិន និង FTA រវាងកម្ពុជា-កូរ៉េ ព្រមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ Regional Comprehensive Economic Partnership Agreement ហៅកាត់ RCEP និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាដើម។

បន្ថែមពីនេះ កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអនុគ្រោះផ្សេងៗ ដូចជា ក្រុមប្រទេសអភិវឌ្ឍតិចតួចតាមរយះ ការរួចពន្ធគយ និងកូតាសម្រាប់នាំចូលតាមមុខទំនិញ the Generalized System of Preferences (GSP) ជាដើម។ ដើម្បីពង្រឹងបន្ថែមទៀតនូវការទាក់ទាញ ក្នុងនាមជាគោលដៅវិនិយោគពិសេសជាងគេ ប្រទេសកម្ពុជា បាននិងកំពុងអនុវត្តការកែទម្រង់មួយចំនួន ដែលពោរពេញដោយមហិច្ឆតា និងមានលក្ខណៈទូលំទូលាយ ក្រោមគោលដៅសម្រួលនីតិវិធីផ្សេងៗ ឱ្យកាន់តែមានភាពរលូន ហើយធ្វើឱ្យប្រសិទ្ធភាពកាន់តែប្រសើរឡើង។  កម្ពុជា កំពុងកសាងយ៉ាងសកម្ម នូវបរិយាកាសធុរកិច្ចមួយ ដែលបើកចំហនិងមានតម្លាភាព តាមរយៈកិច្ចផ្តួចផ្តើមផ្សេងៗ ដូចជាវេទិការដ្ឋាភិបាល-វិស័យឯកជន ជាដើម។

លោក Kio An បានសង្កត់ធ្ងន់ថា ក្នុងអាណ្ណតិរបស់លោកធ្វើជាប្រធានក្រុមប្រឹក្សាភិបាល KOCHAM លោកនឹងធ្វើការកែទម្រង់ ការដឹកនាំ និងសកម្មជាមុន ដោយសហការជាមួយគ្រប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល សភាពានិជ្ជកម្មកម្ពុជា វិស័យឯកជន និងសមគមអ្នកវិនិយោគគ្រប់ប្រទេស ដើម្បីដឹកនាំអ្នកវិនិយោគកូរ៉េមកបន្ថែមទៀត ក្នុងវិស័យ វាយនភ័ណ្ឌ កាត់ដេរ រោងចក្រអេឡិចត្រូនិច ក្រុមហ៊ុន  ផលិតរថយន្ត ក្រុមហ៊ុនបុត្រសម្ព័ន្ធធំ មានធនាគារ សណ្ឋាគារ អចលនទ្រព្យ និង ថ្នាំពេទ្យ ជាដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជារួមទាំងនាំយកបច្ចេកវិទ្យាថ្មី មកបណ្តុះបណ្តាលដល់ និសិ្សតកម្ពុជាផងដែរ។

លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានកោតសរសើរ ដល់ថ្នាក់ដឹកនាំKOCHAM អាណត្តិមុនៗ ជាពិសេសអបអរសាទរ និងវាយតម្លៃខ្ពស់ ដល់លោក Kio An ដែលជាប្រធានក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំថ្មី នឹងបន្តកិច្ចសហការកៀរគរ និងស្វាគមន៍វិនិយោគិននានា ជាពិសេសអ្នកវិនិយោគកូរ៉េ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ហើយសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ជាមួយអ្នកវិនិយោគបរទេស និងដោះស្រាយបញ្ហានានា តាមវេទិការដ្ឋ និងឯកជន ប្រកបដោយផ្លែផ្កា តម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច បូករួមជាមួយកម្មវិធីលើកទឹកចិត្តផ្សេងៗក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងបើកឱកាសចូលទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕