(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ វេទិកានេះត្រូវបានសហការ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន និងសភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា។
គោលបំណងសំខាន់នៃវេទិកានេះគឺ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាក្នុងវេទិកានេះ រួមមាន កាលានុវត្ត ភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាង ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្រៅពីការពិភាក្សា វេទិកានេះក៏នឹងរៀបចំជំនួបពាណិជ្ជកម្មរវាង ធុរជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះ សភាពាណិជ្ជកម្មកម្ពុជានឹងចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មនិង ឧស្សាហកម្មហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងហ្វីលីពីន។ ជាផ្នែកមួយនៃកម្មវិធី គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏នឹងមានជំនួបធុរកិច្ចជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបង្កើត ទំនាក់ទំនង និងជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ៕