(កំពង់ធំ)៖ លោក ស វុទ្ធថា អ្នកសម្របសម្រួលគម្រោងជំនួយមនស្សធម៌របស់ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ចើញបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៨ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិអន្សក្រហាយ

ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជូ កុល្លា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ស វុទ្ធថា ថ្លែងថា គម្រោងសាងសង់ស្ពានបេតុងអាមេស្ពាននេះ នឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមកមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ជូ កុល្លា បានបញ្ជាក់ថា ការសាងសង់ស្ពាននេះបន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្ត ដែលលោកបានគិតគូយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ហើយការសាងសង់ស្ពាននេះ ក៏ផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំខេត្ត ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងតំបន់ផងដែរ ព្រោះថាទីតាំងនេះកាលពីមុនមានស្ពានតូចមួយ ធ្វើទឹកហូរច្រោះបានបាក់កាលពីឆ្នាំ២០២៣ ទើបពេលនេះមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត បានទំនាក់ទំនងទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានសាងសង់ស្ពានថ្មីនាពេលនេះ។

លោកបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងធ្វើផ្លូវសងខាងក្បាលស្ពានដោយរៀបថ្មប្រវែង៥០ម៉ែត្រ ជាជំនួយមនស្សធម៌របស់ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដូច្នេះសូមឲ្យបងប្អូនប្រចាពលរដ្ឋចូលរួមថែរក្សាទ្រព្យសម្បត្តិនេះទាំងអស់គ្នា។

ប្រជាពលរដ្ឋនៅក្នុងភូមិអន្សក្រហាយ បានសម្តែងការរីករាយចំពោះការសាងសង់ស្ពាននេះដោយជឿថា ការធ្វើដំណើរកាន់តែងាយស្រួល និងសុវត្ថិភាពជាងមុន។ ការសាងសង់ស្ពាននេះគឺជាសក្ខីកម្មមួយនៃការខិតខំប្រឹងប្រែងថ្នាក់ដឹកនាំខេត្តកំពង់ធំពិសេសលោក នួន ផារ័ត្ន ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ឲ្យប្រសើរឡើង៕