(រតនគិរី)៖ គណៈកម្មាធិការបក្សក្រុងបានលុង បានប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាជូនសមាជិក សមាជិកាចំនួន១២០នាក់ (ស្រី៣០នាក់) ទូទាំងក្រុងបានលុង ក្រោមអធិបតីភាពលោក ទ្រេស សាមិន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងបានលុង និងលោក ធូ ឃឿ ប្រធានគណៈកម្មាធិការបក្សក្រុងបានលុងនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក, លោក ទ្រេស សាមិន និងលោក ធូ ឃឿ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមន្ត្រីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកសមាជិកាទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផល គួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះ។

លោកទាំង២បានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះការកែទម្រង់ និងការពង្រីកអភិបាលកិច្ចស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

បន្ថែមលើនេះលោកទាំង២ បានផ្តាំផ្ញើដល់មន្ត្រីចុះមូលដ្ឋាន និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលាបទល្មើស ការប្រើប្រាស់គ្រឿងញៀន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕