(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីបិទពិព័រណ៌ម្ហូបអាហារ និងសណ្ឋាគារ ឆ្នាំ២០១៦ (CAMFood/ CAMHotel) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និងសណ្ឋាគារ ឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែតុលា ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៨០ស្តង់ កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៣០ភាគរយ និងក្រុមហ៊ុនអន្តរជាតិចំនួន ៧០ភាគរយ (ក្នុងនោះមកពីតំបន់អាស៊ី ៦០ភាគរយ ហើយមកពីតំបន់អឺរ៉ុប និងអាមេរិក ៤០ភាគរយ) ក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ហើយក៏មានការចូលរួម និងគាំទ្រពីសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមចុងភៅកម្ពុជា និងសមាគមស្រាកម្ពុជា ផងដែរ។
លោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងអំពីការរីកចម្រើនជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍ និងបដិណ្ឋារកិច្ចនៅកម្ពុជា ដែលមិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោករដ្ឋមន្រ្តីក៏បានលើកឡើង ពីសារៈសំខាន់នៃវិស័យសណ្ឋាគារ និងម្ហូបអាហារ ដែលជាកត្តាស្នូល ក្នុងវិស័យទេសចរណ៍ ក្នុងការពង្រឹងគុណភាពសេវាកម្មក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ ពីចំណុចសំខាន់នៃកត្តាអនាម័យម្ហូបអាហារ ភាពស្អាតនៃកន្លែងបរិភោគ ភាពរួសរាយរាក់ទាក់របស់បុគ្គលិក រួមនឹងតម្លៃលក់សមរម្យ ដែលកត្តាទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាបដិសណ្ឋារកិច្ច។
ព្រឹត្តិការណ៍ពិព័រណ៌ CAMFood/ CAMHotel 2016 នេះ ក៏ជាសកម្មភាពមួយ រួមចំណែកអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក អ្នកជំនាញទេសចរណ៍ (MRA) និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025)។ បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីការរីកចំរើន នៃវិស័យទេសចរណ៍ជំនួញ និងតាំងពិព័រណ៌ (MICE Tourism) នៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាក៏មានទីតាំងល្អៗ សម្ភារៈនិងបរិក្ខា រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការផ្តល់ជាសេវាកម្មក្នុងការរៀបចំជាព្រឹត្តិការណ៍តាំងបង្ហាញ សន្និបាត និងកិច្ចប្រជុំធំៗផងដែរ ។
ព្រមជាមួយនោះ ការប្រកួត Cambodia National Hospitality Competition 2016 ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ត្រឹមត្រូវ និងតម្លាភាព តាមរយៈវត្តមានគណៈមេប្រយោគដែលភាគច្រើន ជាចៅក្រមមកពីអន្តរជាតិ និងអ្នកមានស្នាដៃឆ្នើមក្នុងស្រុក ដូចជាប្រធានសមាគមចុងភៅពិភពលោក ជាដើម។
ការប្រកួតចែកចេញជា ៣ប្រភេទធំៗ រួមមានផ្នែកសណ្ឋាគារ (លើវិញ្ញាសារការរៀបចំគ្រែ ការតុបតែងនិងរចនាផ្កា និងការិយាល័យជួរមុខ) ផ្នែកបម្រើភេសជ្ជៈ (លើវិញ្ញាសារជំនាញឆុងកាហ្វេ ជំនាញក្រឡុកស្រា ជំនាញរៀបចំតុ) និងផ្នែកម្ហូបអាហារ (លើវិញ្ញាសារម្ហូបបួស ការធ្វើនំ ការតាំងបង្ហាញនំប៉័ង ម្ហូបខ្មែរ និងអន្តរជាតិ)។
ក្នុងការប្រកួតប្រជែង ជយលាភីក្នុងការប្រកួតប្រជែង ផ្នែកសេវាកម្មស្នាក់នៅ និងផ្នែកម្ហូបអាហារ រួមមាន៖ ផ្នែកសណ្ឋាគារ មេដាយមាស ៦រូប មេដាយប្រាក់ ៦រូប និងមេដាយសំរឹទ្ធ ៦រូប, ផ្នែកភោជនីយដ្ឋាន មេដាយមាស ៣រូប មេដាយប្រាក់ ៣រូប និងមេដាយសំរឹទ្ធ ៣រូប, ផ្នែកធ្វើម្ហូបអាហារ មេដាយមាស ៩រូប មេដាយប្រាក់ ៩រូប និងមេដាយសំរឹទ្ធ ៩រូប។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និងសណ្ឋាគារ (CAMFood/ CAMHotel) រៀបចំធ្វើឡើងជារៀងរាល់ ២ឆ្នាំម្តង ហើយព្រឹត្តិការណ៍បន្ទាប់នឹងធ្វើឡើង នៅឆ្នាំ២០១៨៕