(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ មានករណីរថយន្តកុតទើន័រ២គ្រឿង បានបុកគ្នាពេញទំហឹង នៅលើស្ពានព្រៃនប់ ផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង មិនអាចធ្វើដំណើរបាន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករបួស និងស្លាប់នោះទេ គឺគ្រាន់តែខូចខាតរថយន្ត ហើយមានការកកស្ទះចរាចរណ៍។
លោកបានបន្ថែមថា នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍សម្រួលចរាចរ និងយករថយន្តទាំង២គ្រឿង ចេញពីកន្លែងកើតហេតុ៕