(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា រួមសហការជាមួយ Go Study Thailand និងបណ្តាញអតីតនិស្សិត ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ បានរៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ «Thailand Education and Jobs Fair 2025» ក្រោមមូលបទ «រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ» (Together for a Better Future,)។

កម្មវិធីពិព័រណ៍ការសិក្សា និងការងារ ខាងលើនេះ ធ្វើឡើងដើម្បីអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

កម្មវិធីពិព័រណ៍នេះ មានវត្តមានគ្រឹះស្ថានអប់រំថៃចំនួន១៩ និងក្រុមហ៊ុនថៃ ដែលកំពុងបណ្តាក់ទុននៅកម្ពុជា ចំនួន២៥បានចូលរួម ដែលនឹងផ្តល់ឱកាស ដល់យុវជនកម្ពុជា ទទួលបានព័ត៌មានពីកម្មវិធីកិច្ចពិភាក្សា ការបង្កើតបណ្តាញជាមួយអ្នកជំនាញមានបទពិសោធន៍ ព្រមទាំងអាចស្វែងរកអនាគតការសិក្សា និងការងារបានផងដែរ។

កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពីបណ្តាសិស្សនិស្សិតកម្ពុជា និងអ្នកដែលកំពុងស្វែងរកការងារ មកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង៥០០នាក់។

ថ្លែងក្នុងពិធីបើកកម្មវិធី លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអរគុណ ចំពោះវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ ដែលបានចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារនេះ។

លោកស្រី អេកអរ ឃុ ណាចារើន ភារធារី នៃស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងថា ស្ថានទូតថៃប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវក្នុងការជំរុញគាំទ្រយុវជនកម្ពុជា ដែលមានបំណងរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនទំនាក់ទំនងស្អិតរមួត រវាងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីបានបន្តថា ឆ្នាំនេះ គឺជាឆ្នាំដ៏កាន់តែពិសេស ព្រោះជាខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលតាមរយៈកម្មវិធីនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ៕