(ភ្នំពេញ)៖ អាថ៌កំបាំងហាក់ត្រូវបានលាតត្រដាងអស់ហើយជុំវិញករណី លោក ជុន ច័ន្ទបុត្រ ដែលបាននឹងកំពុងប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន។ កាលពីមុននេះ គេអាចគ្រាន់តែបានឮការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានលក្ខណៈលម្អៀងផ្កាប់មុខ មានលក្ខណៈបំប៉ោង បំភ្លៃ ញុះញង់ ជាពិសេសក្នុងបទអត្ថាធិប្បាយនយោបាយរបស់ លោក ជុន ច័ន្ទបុត្រ ជ្រកក្រោមស្លាក «បទវិភាគ»។ ស្តាប់ទៅគួរឲ្យហួសចិត្តដែលអ្នកកាសែតរូបនេះ យកវេទិកាវិទ្យុអាស៊ីសេរី ទៅបម្រើនយោបាយចំៗបែបនេះ។ ជុន ច័ន្ទបុត្រ មិនញញើតនឹងប្រើពាក្យពេចន៍ចំអកឡកឡឺយ គ្រប់បែបយ៉ាង ទៅតាមអារម្មណ៍ផ្ទាល់ខ្លួន ទោះជាវិជ្ជាជីវៈអ្នកសារព័ត៌មានបានហាមឃាត់ក៏ដោយ។
វាក៏ជាចម្ងល់មួយដែរថា ហេតុអ្វីបានជាមេវិទ្យុអាស៊ីសេរី បណ្តោយឲ្យសកម្មជននយោបាយដូចជា លោក ជុន ច័ន្ទបុត្រ យកវិទ្យុរបស់ខ្លួនទៅបម្រើនយោបាយយ៉ាងគឃ្លើនបែបនេះ? ឬមួយក៏មេធំវិទ្យុអាស៊ីសេរី ដែលជាជនជាតិអាមេរិកាំងមិនបានដឹងរឿងនេះទេ? ចុងក្រោយនេះ ជុន ច័ន្ទបុត្រ បានបង្ហាញមុខមាត់របស់ខ្លួនយ៉ាងច្បាស់ថា គាត់ជាសកម្មជនជួរមុខរបស់គណបក្សសង្គ្រោះជាតិ។ មានភស្តុតាងជាក់ច្បាស់បំផុតជាច្រើនដែលមិនអាចប្រកែកបាន៖
ភស្តុតាងទី១៖ ជុន ច័ន្ទបុត្រ បានជិះយន្តហោះពីទីក្រុងវ៉ាស៊ីនតោន ទៅដល់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីទៅចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ដែលទៅបំពេញទស្សនកិច្ចនៅទីនោះ ដោយប្រើប្រាស់វិទ្យុអាស៊ីសេរី ជាឧបករណ៍បំប៉ោងសំឡេង និងបំផ្លើសការពិតដើម្បីឲ្យអ្នកស្តាប់ដែលមិនដឹងរឿងខំជឿតាមថាមានមនុស្ស ៥០០នាក់ចូលរួម តែតាមពិតមានតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ។
ភស្តុតាងទី២៖ ក្នុងរយៈពេលដែលគាត់ស្នាក់នៅក្នុងប្រទេសអូស្ត្រាលី ជុន ច័ន្ទបុត្រ បានចូលរួមគ្រប់សកម្មភាពទាំងអស់ជាមួយ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ដែលជាមនុស្សវង្វេងជាតិកំណើត។ ជុន ច័ន្ទ្របុត្រ ចូលរួមរៀបចំ ផ្តល់គំនិត និងធ្វើសកម្មភាពដោយផ្ទាល់ក្នុងឋានៈជាសកម្មជនបក្សប្រឆាំង គឺមិនមែនជាអ្នកយកព័ត៌មានទេ។ គាត់ទះដៃអបអរសាទរជាមួយពួកបាតុករដែលក្រមសីលធម៌បានហាមមិនឲ្យអ្នកកាសែតវិជ្ជាជីវៈធ្វើដូច្នេះសោះឡើយ។
ភស្តុតាងទី៣៖ ជុន ច័ន្ទបុត្រ បានចូលរួមតុអាហារជាមួយក្រុមបក្ខពួករបស់ខ្លួននៅអូស្ត្រាលី ដោយដើរផឹកស៊ីជាមួយគ្នា និងជុលកែវស្រាជាមួយគ្នាគ្រប់ពេល។ ក្រុមទាំងនោះជាបក្ខពួករបស់ លោក ហុង លីម ដែលជាក្រុមជ្រុលនិយម ភ្លេចកំណើត ហើយតែងរិះរកវិធីប្រឆាំង និងបង្ខូចឈ្មោះរាជរដ្ឋាភិបាល និងមន្ត្រីរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។ ក្រមសីលធម៌វិជ្ជាជីវៈក៏ហាមប្រាមយ៉ាងតឹងរ៉ឹង មិនឲ្យអ្នកកាសែតធ្វើដូច្នេះឡើយ។
ភស្តុតាងទី៤៖ បន្ទាប់ពីបញ្ចប់បេសកកម្មធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត រួចហើយ លោក ហុង លីម និងបក្ខពួក បានរៀបចុះពិធីជប់លៀងមួយជូនលោក ជុន ច័ន្ទបុត្រ ដើម្បីជាការលើកទឹកចិត្តឲ្យសកម្មជនបក្សប្រឆាំងរូបនេះ ដែលបានស្កាត់តាំងពីសហរដ្ឋអាមេរិក មកធ្វើបាតុកម្មដល់អូស្ត្រាលី។ តាមរយៈសម្តីលោក ហុង លីម ក្នុងឃ្លីបវីដេអូខាងក្រោម លោក ជុន ច័ន្ទបុត្រ បានសម្តែងការសប្បាយរីករាយ ដោយចាត់ទុកថាជាជោគជ័យពីព្រោះបុគ្គលនេះ មិនត្រឹមតែបានមកចូលរួមបាតុកម្មទេ តែក៏បានប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីផ្សព្វផ្សាយយ៉ាងកងរំពងអំពីព្រឹត្តិការណ៍នេះទៀតផង។
ភស្តុតាងទី៥៖ ក្រោយពីវិលត្រឡប់ទៅដល់វ៉ាស៊ីនតោនវិញ ជុន ច័ន្ទបុត្រ បានបន្តយុទ្ធនាការប្រឆាំង លោក ហ៊ុន ម៉ាណែត តាមរយៈការផ្សាយព័ត៌មានដែលមានលក្ខណៈវាយប្រហារ បន្តុះបង្អាប់កិត្តិយសរបស់លោកដោយគ្មានហេតុផលសមរម្យទាល់តែសោះ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ បានបង្គាប់ឲ្យកូនចៅរបស់ខ្លួនឈ្មោះ ម៉ម មុនីរ័ត្ន ធ្វើសេចក្តីរាយការណ៍ដែលមានលក្ខណៈវាយប្រហារសុទ្ធសាធទៅលើ លោក ហ៊ុន ម៉ាណែត ដោយគ្រាន់តែឯកឧត្តមធ្វើសន្និសីទកាសែតមួយដើម្បីពន្យល់ពីបាតុកម្មដែល ជុន ច័ន្ទបុត្រ និង ហុង លីម បានរៀបចំនៅក្នុងប្រទេសអូស្ត្រាលី។
ម៉ម មុនីរ័ត្ន ដែលគេស្គាល់ថា ជាកូនជឹងដ៏ជំនិតរបស់ ជុន ច័ន្ទបុត្រ ដែលតែងប្រើអារម្មណ៍ផ្ទាល់ខ្លួនក្នុងការរាយការណ៍ព័ត័មាន បានទាញបង្វែទៅនិយាយពីអាកប្បកិរិយា កាយវិការបស់លោក ហ៊ុន ម៉ាណែត ដោយមានការជួយលាបក្រែម ផាត់ម្យ៉ៅ ពីក្រុមបក្ខពួកដែលជ្រកក្រោមស្លាក «អ្នកវិភាគឯករាជ្យ»។ លើសពីនេះ វិទ្យុអាស៊ីសេរី បានខិតខំបំភ្លៃសម្រង់សម្តីរបស់ក្រុមអ្នកវិភាគទាំងនោះបន្ថែមដើម្បីទាញយកមកវាយប្រហារលើលោក ហ៊ុន ម៉ាណែត ទាំងបំពាន។
តើហេតុអ្វីបានជា ជុន ច័ន្ទបុត្រ និង ហុង លីម ឈឺក្បាលវិលមុខខ្លាំងម៉្លេះនឹងវត្តមាន លោក ហ៊ុន ម៉ាណែត នៅក្រៅប្រទេស?
សំណួរនេះមិនពិបាកយល់ឡើយ! ពីព្រោះពួកគេព្រួយបារម្ភខ្លាំងណាស់ចំពោះការបាត់បង់ការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ កាលពីមុនពលរដ្ឋខ្មែរមួយចំនួននៅនាយសមុទ្រ ដែលមិនទាន់យល់ច្បាស់ពីប្រទេសកំណើតរបស់ខ្លួនបានយល់ច្រឡំ ឬចាញ់បោកបក្សប្រឆាំងតែរហូត។ ប៉ុន្តែបច្ចុប្បន្ននៅពេលដែលពិភពលោកកាន់តែបើកចំហ បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសជាច្រើន បានវិលមកលេងស្រុកកំណើត ហើយបានឃើញពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដែលអ្នកខ្លះលាន់មាត់ថា សប្បាយជាងប្រទេសដែលខ្លួនកំពុងរស់នៅផងនោះ បានបែរចិត្តមកគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនប្រៀបដូចទឹកបាក់ទំនប់។
នេះជាមូលហេតុដែលបក្សប្រឆាំងព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសសកម្មជននៅក្រៅប្រទេសមានដូចជា ហុង លីម និង ជុន ច័ន្ទបុត្រ ជាដើមភ័យស្លន់ស្លោ ដេកលែងលក់ បក់លែងល្ហើយ រួចហើយក៏ខិតខំរិះរកគ្រប់វិធីដើម្បីបង្ខូចឈ្មោះរាជរដ្ឋាភិបាល។ ជាក់ស្តែងពួកគេប្រមូលបានមនុស្សមួយដំបស្វា មកធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត ខណៈដែលខ្មែរអូស្ត្រាលី ប្រមាណជា ៦០០ នាក់ បានទៅចូលរួមគាំទ្រលោក ហ៊ុន ម៉ាណែត។ បាតុកម្មរបស់ពួកគេទៀតសោត ធ្វើឡើងក្រោមហេតុផលគួរឲ្យអស់សំណើច។
បច្ចុប្បន្នបក្សប្រឆាំងបោកអ្នកនៅក្រៅស្រុកលែងបាន ខណៈដែលអ្នកគាំទ្រនៅក្នុងស្រុកកាន់តែអស់ជំនឿ ដោយសារតែមេដឹកនាំរបស់ពួកគេកំសាក និងសម្បូរដោយរឿងអាស្រូវអសីលធម៌។ ចំណែកវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍បំពងសំឡេងឲ្យបក្សប្រឆាំង ក៏ត្រូវបានមហាជនអស់ជំនឿដោយសារតែ ជុន ច័ន្ទបុត្រ បានប្រើប្រាស់វិទ្យុនេះដើម្បីបម្រើមហិច្ឆតា នយោបាយផ្ទាល់ខ្លួនយ៉ាងចំហ និងយ៉ាងគឃ្លើន។ ប្រភពផ្ទៃក្នុងពីវិទ្យុអាស៊ីសេរីឲ្យដឹងថា អ្នកសារព័ត៌មានជាច្រើនកំពុងរកច្រកចេញ ដោយសារតែពួកគេខកចិត្តនឹងទង្វើរបស់លោក ជុន ច័ន្ទបុត្រ។ ជុន ច័ន្ទបុត្រ ខ្លួនឯងក៏កំពុងដេកភ័យក្រោយរឿងអាស្រូវរបស់ខ្លួនបានបែកធ្លាយ ពីព្រោះបុគ្គលរូបនេះអាចប្រឈមមុខនឹងការបណ្តេញចេញពីវិទ្យុអាស៊ីសេរីជាលើកទី២ បន្ទាប់ពីគាត់ត្រូវបានគេបណ្តេញចេញម្តងហើយដោយសារតែកំហុសកេងបន្លំប្រាក់បេសកកម្មរបស់ស្ថាប័ន៕