(ភ្នំពេញ)៖ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ហៅកាត់ IDI (Innovation and Development Investors Association) កំពុងរៀបចំមូលនិធិកសិកម្មដែលមានទំហំទឹកប្រាក់៧០លានដុល្លារ ដើម្បីត្រៀមវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រកែច្នៃឈើ រោងចក្រផលិតកម្មស្រូវ-អង្ករ ដាំម្ទេស ដាំកាហ្វេ រោងចក្រវិចខ្ចប់ស្ដង់ដាសម្រាប់ការនាំចេញផលិតផលកសិឧស្សាហកម្មជាដើម។

ការប្រកាសពីការរៀបចំមូលនិធិកសិកម្មនេះក្នុងវេទិកាផ្លាស់ប្តូរវិនិយោគនិងឱកាសអាជីវកម្ម (IDI Investment Roadshow) ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Novotel ក្រោមវត្តមានលោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគម IDI និងជា ID Capital Plc លោក ចាប សុភ័គ នាយកប្រតិបត្តិនិងជាប្រធានលេខាធិការដ្ឋានសមាគម IDI ព្រមទាំងថ្នាក់ដឹកនាំ-សមាជិករបស់សមាគម IDI ក៏ដូចជាសមាជិកថ្មីៗផងដែរ។

នាវេទិកានោះ លោក ហោ សេរីវឌ្ឍន៍ បានបញ្ជាក់ថា បច្ចុប្បន្ន សមាគម IDI កំពុងរៀបចំ «មូលនិធិកសិកម្ម» ដោយផ្ដោតលើការកៀរគរវិនិយោគិនមូលនិធិហិរញ្ញវត្ថុ ដើម្បីត្រៀមវិនិយោគរួមគ្នាលើវិស័យកសិកម្មនៅកម្ពុជា ដែលមានទំហំប្រមាណ៧០លានដុល្លារ។

លោកប្រធានសមាគមបញ្ជាក់ថា «មូលនិធិកសិកម្មនេះ សមាគម IDI គ្រោងបណ្ដាក់ទុនលើការដាំដុះ ការកែច្នៃ និងនាំចេញ រួមមាន៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រកែច្នៃឈើ រោងចក្រផលិតកម្មស្រូវ-អង្ករ ដាំដុះម្ទេស ដាំដុះកាហ្វេ រោងចក្រវិចខ្ចប់ស្ដង់ដាសម្រាប់ការនាំចេញផលិតផលកសិឧស្សាហកម្មជាដើម ដែលមានទំហំវិនិយោគសរុបប្រមាណ៧០លានដុល្លារ ពិសេសចំពោះគ្រាប់ស្វាយចន្ទីនឹងមានការវិនិយោគដាច់ដោយឡែក ដែលមានទំហំប្រមាណ២០លានដុល្លារ»

បើតាមលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាគម IDI ក៏បានបង្ហាញការស្វាគមន៍ចំពោះវិនិយោគិនជាតិ-អន្តរជាតិ ក៏ដូចជាសមាជិកថ្មីនៃសមាគម IDI ដែលចាបអារម្មណ៍លើការវិនិយោគដែលមានភាពច្បាស់លាស់របៀបនេះ ដើម្បីចូលរួមវិនិយោគជាមួយគ្នានាពេលឆាប់ៗខាងមុខ។

គួរជម្រាបថា សមាគម IDI ចាប់ផ្ដើមដំបូងដោយសមាជិក១០១រូប ខណៈបច្ចុប្បន្ននេះសមាគមបានពង្រីកសមាជិកដល់១១៦រូប ដែលសុទ្ធសឹងជាវិនិយោគិន ធុរជន ពាណិជ្ជករជនជាតិខ្មែរ។ សមាគម IDI បើកចំហសម្រាប់សមាជិកថ្មីជានិច្ច ដែលផ្ដល់ឱកាសវិនិយោគ ផ្ដល់ការប្រឹក្សាយោបល់ពីស្ថាប័នដែលមានបទពិសោធន៍ ចំណេះដឹង និងវិជ្ជាជីវៈ ព្រមទាំងមានក្រុមហ៊ុនដៃគូជាច្រើនដែលអាចផ្សារភ្ជាប់ជាមួយគម្រោងអាជីវកម្ម ឬគម្រោងវិនិយោគរបស់សមាជិកថ្មី។ បន្ថែមពីនេះទៀត គឺការផ្គូរផ្គង់ ការទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

លោក ហោ សេរីវឌ្ឍន៍ បានបន្តទៀតថា ជារឿយៗ សមាគម IDI បានពង្រីកការវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មទៅតាមតម្រូវការទីផ្សារ ក្នុងនោះមានវេទិកាផ្លាស់ប្តូរវិនិយោគនិងឱកាសអាជីវកម្ម ឬ IDI Investment Roadshow ដំបូងនៅឆ្នាំ២០២១ ដែលជាលក្ខណ​ៈផ្ទៃក្នុង។ រហូតដល់ឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានសមាគមបើកចំហជាលក្ខណៈទូលំទូលាយឱ្យសាធារណជនចូលរួមជាមួយយើង ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត។

វេទិកាផ្លាស់ប្តូរវិនិយោគនិងឱកាសអាជីវកម្មនេះ ផ្ដោតលើគោលដៅចំនួន៣ រួមមាន៖ ទី១. ការចែករំលែកចំណេះដឹង ទី២. ការចែករំលែកពាណិជ្ជកម្ម ទី៣. ផ្ដល់ឱកាសវិនិយោគទៅដល់អ្នកចូលរួម និងដែលមានការផ្សារភ្ជាប់ការវិនិយោគជាមួយប្រជាជនកម្ពុជា និងវិនិយោគិនបរទេស។ សមាគម IDI បានផ្សារភ្ជាប់គម្រោងវិនិយោគទាំងក្នុងនិងក្រៅប្រទេសជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការវិនិយោគនានាឱ្យកាន់តែលឿន ពិសេស IDI បានចូលរួមជំរុញនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកបណ្ឌិតក៏បានលើកឡើងពីសកម្មភាពនៅក្រៅប្រទេស ដែលសមាគម IDI បានធ្វើទំនាក់ទំនងជាមួយអ្នកវិនិយោគបរទេសនៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី បណ្ដាប្រទេសនៅសហភាពអឺរ៉ុប សាធារណរដ្ឋកូរ៉េ ចិន ថៃ ម៉ាឡេស៉ី សិង្ហបុរីជាដើម។

សមាគម IDI ក៏មានគោលដៅជួយសហគ្រិនខ្មែរ ដែលជាផលិតករ សិប្បករ ម្ចាស់រោងចក្រ សហគ្រាស ក្នុងការនាំផលិតផលរបស់ពួកគាត់ទៅលក់នៅទីផ្សារក្រៅប្រទេស ដូចជាការនាំចេញចំណីអាហារ អង្ករ គ្រាប់ស្វាយចន្ទី បានទៅកាន់ទីផ្សារអូស្ត្រាលី សហរដ្ឋអាមេរិកជាដើម ពោលគឺសមាគម IDI មានចក្ខុវិស័យជួយក្រុមហ៊ុនទាំងឡាយនៅកម្ពុជាពង្រីកការវិនិយោគ ស្វែងរកទុនវិនិយោគបន្ថែម ស្វែងរកទីផ្សារ ផ្ដល់បច្ចេកទេស ក៏ដូចជាផ្គូរផ្គងដៃគូវិនិយោគ-ពាណិជ្ជកម្មរួមគ្នា។

លោកប្រធានសមាគមបានបន្ថែមទៀតថា ទំហំវិនិយោគក្នុងក្របខណ្ឌសមាគម IDI គឺមានប្រមាណជិត២ពាន់លានដុល្លារ (២,០០០,០០០,០០០ដុល្លារ) ក្នុងនោះមានប្រមាណ១០២គម្រោង ហើយក៏កំពុងកត់សម្គាល់ពីគម្រោងដែលមានសក្ដានុពលបន្ថែមទៀត ដែលមានប្រមាណជិត២០គម្រោង៕