(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺមួយឆ្លើយតបចំពោះការលើកឡើងនៅតាមបណ្ដាញសង្គម ពាក់ព័ន្ធការឃាត់ខ្លួនអ្នកកាសែត២នាក់ បន្ទាប់ពីពួកគេយកមីនតោនមកប្រគល់ឲ្យសមត្ថកិច្ច។
ដើម្បីកុំឲ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបំភ្លឺជូនថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង មានករណីលួចយកមីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ គឺឈ្មោះ ទឺ ពិទូ អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង និងឈ្មោះ ពែក ពុយ អាយុ៤៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមកឈ្មោះ ទឺ ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លីន ពុំស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
ម្យ៉ាងវិញទៀត សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនេតានេនេះ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រមូលនូវព័ត៌មានឲ្យបានច្បាស់លាស់ នាំឲ្យមហាជនមានការយល់ច្រឡំ ធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ៕