(តាកែវ)៖ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាពេលនេះថាជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា កម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងសម័យកាលសុខសន្តិភាពបន្ទាប់ពីបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហើយបច្ចុប្បន្នកំពុងតែបំពេញនូវអ្វីដែលបានបាត់បង់ទាំងនោះឡើងវិញ និងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត។
ឧបនាយករដ្ឋមន្ត្រីយល់ឃើញថា សម្ដេចព្រះនរោត្តមសីហនុគឺជាបិតាឯករាជ្យជាតិ សម្ដេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាបិតាសហសម័យកម្ពុជាក្នុងការរៀបចំប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ហើយការជួបជុំគ្នានាពេលនេះគឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលយើងទាំងអស់គ្នាមានបំណងចង់ឃើញអនាគតនៃប្រទេសកម្ពុជាកាន់តែល្អប្រសើរនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារចំនួន ៦ចំណុច ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអនុវត្តដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ការដោះស្រាយបញ្ហាជម្លោះដីធ្លីទទួលបានជោគជ័យជាច្រើនករណីដោយនៅសេសសល់តិចតួចប៉ុណ្ណោះកំពុងរងចាំការដោះស្រាយបញ្ចប់, ការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋនិងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥រាជធានី ខេត្តទូទាំងប្រទេស, រីឯនៅខេត្តសៀមរាប គឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា, ចំពោះបឹងទន្លេសាប គឺបានប្រកាន់យកគោលជំហរជាក់លាក់ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារ ក្នុង១ឆ្នាំ, ចំពោះបញ្ហាបុរី គឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជន និងម្ចាស់បុរី បានជាច្រើនករណី និងនៅសល់តិចតួចប៉ុណ្ណោះដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាដំណើរដ៏ត្រឹមត្រូវរបស់យើងទាំងអស់គ្នាហើយធ្វើយ៉ាងណាត្រូវបន្តវិនិយោគនូវអភិបាលកិច្ចល្អសម្រាប់ទីក្រុងប្រកបដោយចីរភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុង ស្រុក ឃុំ ភូមិនៃខេត្តតាកែវ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា មានសុខភាពល្អ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា មានលំនៅដ្ឋានរស់នៅសមរម្យ និងមានជីវភាពល្អប្រសើរ។
បានបំផុសគំនិតណែនាំដល់អាជ្ញាធរក្រុងដូនកែវឱ្យរៀបចំក្រុងនេះកាន់តែមានសោភ័ណភាពថែមទៀតដូចជាការកសាងសួនច្បារសាធារណៈសម្រាប់ប្រជាពលរដ្ឋជិះកង់ ឬថ្មើជើងសម្រាប់លំហែ និងលំហាត់ប្រាណដើម្បីសុខភាព ការសាងសង់លំនៅដ្ឋានរៀបរយ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រៀបចំផ្ទះសម្បែងសម្រាប់ក្រុង អនាម័យទឹក កាកសំណល់ មធ្យោបាយធ្វើដំណើរ និងកំណើនសេដ្ឋកិច្ចសម្រាប់ទីក្រុង សន្តិសុខ សុវត្ថិភាព និងការអប់រំឱ្យប្រជាពលរដ្ឋមានសីលធម៌រស់នៅ និងចរិយាមារយាទល្អចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមកដើម្បីជួយជំរុញដល់ការលុបបំបាត់អំពើហិង្សា, ការប្រើប្រាស់គ្រឿងញៀន ឬក្មេងទំនើងជាដើម៕