(ភ្នំពេញ)៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា បានបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងបានលើកឡើងបន្ថែមថាការវិនិយោគលើយានយន្តអគ្គិសនី បានចូលរួមចំណែកក្នុងការការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេសទប់ស្កាត់ការបំភាយឧស្ម័នពុលពីការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលក្នុងបរិយាកាស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តនិងជំរុញការវិនិយោគដល់បណ្តាក្រុមហ៊ុនទាំងអស់នៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ឱ្យមានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ កិច្ចសហប្រតិបត្តិដែលបានរៀបចំឡើងនៅពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរក្សាបានសុខសន្តិភាពពេលេញ រួមទាំងស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជារួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្របខ័ណ្ឌសកល។

សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា នាពេលនេះក្រសួងបរិស្ថាន បានទទួលជំនួយឥតសំណង ជាម៉ូតូអគ្គិសនីចំនួន៨០០០គ្រឿងពីក្រុមហ៊ុនវិនិយោគកូរ៉េ VeryWords៕