(បាត់ដំបង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំសមត្ថកិច្ចជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងលក់ណែមធ្វើសាច់ត្រី ដើម្បីស្វែងរកសារធាតុគីមី(បូរ៉ាក់)នៅតាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ។

ការចុះត្រួតពិនិត្យមើលនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាកយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញកាំកុងត្រូលជាច្រើននាក់ទៀត។ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា អគ្គយកដ្ឋានកាំកុងត្រូលតែងតែបានណែនាំដល់ថ្នាក់ដឹកនាំសាខាកាំកុងត្រូល នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ឲ្យរឹតបន្តឹងរាល់ទំនិញពាក់ព័ន្ធ និងម្ហូបអាហារប្រចាំថ្ងៃ ដែលនាំចូលពីប្រទេសជិតខាង ឬលក់នៅតាមផ្សារក្នុងស្រុក ត្រូវត្រួតពិនិត្យជាប្រចាំដើម្បីស្វែងរកសារធាតុគីមីផ្សេងៗពិសេស នៅក្នុងម្ហូបអាហារ ជាលទ្ធផលកន្លែងខ្លះ ក៏បានពិនិត្យឃើញសារធាតុគីមីមានឈ្មោះ ហ្វ័រមាលីន, បូរ៉ាក់, ។ល។ តែកន្លែងសិប្បកម្មផលិត និងអ្នកលក់រាយខ្លះ ក៏បានយល់ដឹងលក់ម្ហូបអាហារគ្មានការលាយសារធាតុគីមីឡើយ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងព័ត៌មានដែលបានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងផ្សាយខុស និងផ្សាយត្រូវក្នុងនាមស្ថាប័នជំនាញបានទទួលយកទាំងអស់មកធ្វើការដោះស្រាយ ដើម្បីធ្វើការពន្យល់សារជាថ្មីតាមបច្ចេកទេស និងផ្សព្វផ្សាយឡើងវិញជូនប្រជាពលរដ្ឋបានយល់ច្បាស់ អ្វីជាព័ត៌មានមិនពិត អ្វីជាព័ត៌មានពិត។ ជាក់ស្តែងនៅថ្ងៃសមត្ថកិច្ចជំនាញដែលមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាកដ្ឋានកាំកុងត្រូល និងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមផងនោះ លទ្ធផលពិនិត្យលើណែមត្រី គឺពុំមានដាក់លាយសារធាតុគីមីនោះទេ។

 លោកអគ្គនាកយកបានបញ្ជាក់ទៀតថា កន្លងមកដោយសារមានអ្នកបំប៉ោងព័ត៌មានថា ចេះថាចុះខុសពីការពិត ទើបថ្ងៃនេះលោករដ្ឋមន្រ្តី បានដឹកនាំមន្រ្តីជំនាញចុះផ្ទាល់ ដើម្បីពិនិត្យជាក់ស្តែង ឲ្យអស់ចម្ងល់ មានដែរឬអត់ ជាក់ស្តែងពុំមាននោះទេ។ តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅតែបន្តពង្រឹងចុះពិនិត្យជាប្រចាំ និងអំពាវនាវដល់អាជីវករមួយចំនួន ឲ្យឈប់នាំចូលទំនិញខូចគុណភាព ហួសកាលកំណត់ ខ្វះអានាម័យ ជាដើម និងឲ្យមន្រ្តីជំនាញចុះណែនាំនិងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ឲ្យបានយល់ច្បាស់ជាបណ្តើរៗតាមដែលអាចធ្វើបានព្រោះទំនិញទាំងនេះវាធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយើងខ្លាំងណាស់។ តែបើនៅមានឈ្មួញខិលខូចបាននាំចូល ឬផលិតលួចដាក់សារធាតុគីមី នោះមន្រ្តីជំនាញនឹងចុះបង្រ្កាបឲ្យបាន។

 នាឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កន្លងមកក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខភាពប្រជាពលរដ្ឋ និងជម្រុញមន្រ្តីគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ទប់ស្កាត់រាល់ទំនិញទាំងឡាយដែលនាំចូលពីប្រទេសជិតខាង ឬផលិតក្នុងស្រុក ដែលមានដាក់លាយសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ហើយបានផ្សព្វផ្សាយតាមរូបភាពបិទលើជញ្ជាំងគ្រប់កន្លែងលក់ដូរក្នុងផ្សារនានា ឲ្យប្រជាពលរដ្ឋបានមើលនិងស្វែងយល់ ដើម្បីកាត់បន្ថយការប្រើប្រាស់ទៅខុស ខូចសុខភាពរបស់ពួកគាត់ផង។ ក្នុងការចុះពិនិត្យផ្ទាល់នោះដែរ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តបាត់ដំបងបានសហការចុះពិនិត្យរួមគ្នាទាំងភ្លៀងរលឹមផងដែរ។

 លោកអភិបាលខេត្ត ច័ន្ទ សផល បានថ្លែងថា លោក និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង មានមោទនភាពនិងកិត្តយសយ៉ាងខ្លាំង ដែលថ្ងៃនេះមានវត្តមានលោករដ្ឋមន្រ្តី លោកអគ្គនាយក បានដឹកនាំប្រតិភូចុះមកពិនិត្យផ្ទាល់ ដែលកិច្ចការនេះគឺបានមកជូនជាប្រយោជន៍សង្គម ពិសេសប្រយោជន៍នេះធ្វើឲ្យសុខភាពប្រជាពលរដ្ឋបានល្អប្រសើរ ដោយសារទទួនអាហារដែលគ្មានជាតិគីមី ដែលបានមន្រ្តីជំនាញបានចុះធ្វើការនិងទប់ស្កាត់បានទាន់ពេលវេលាល្អប្រសើរជាប្រចាំ៕