(ភ្នំពែញ)៖ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាននៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យានអព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិរវាងក្រសួងបរិស្ថាន និងរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃនេះ គឺមិនមែនមានតែក្នុងក្រដាស់ប៉ណ្ណោះទេ តែជាកិច្ចសហការ និងការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការអនុវត្តលើនីតិវិធីដែលរាជបណ្ឌិតសភាមានភាពចន្លោះប្រហោង នោះគឺជាក្រមបរិស្ថានដែលជាច្បាប់ការពារលើធនធានធម្មជាតិក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹបខេត្តព្រះវិហារ របស់រាជបណ្ឌិតសភាកម្ពុជា ហើយការនេះមិនត្រឹមតែការពារក្នុងក្របខណ្ឌយើងប៉ុណ្ណោះទេ គឺជាការបន្សល់នូវកេរ្តិ៍មរតកធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការប្រែក្លាយផ្នត់គំនិតប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វមកស្រឡាញ់ការពារភពផែនដីវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះវត្តមានរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងការរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាំកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ស្របតាមយុទ្ធសាស្ត្របញ្ចកោណក្នុងដំណាក់កាលទី១នេះ។ កិច្ចសហការអនុវត្ត គឺជាជំហានដ៏រឹងមាំ និងមានទម្ងន់សម្រាប់វិស័យបរិស្ថានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដែលជាបញ្ហាប្រឈមរបស់យើង ហើយឥតមានព្រំដែនកំណត់នោះឡើយ ជាក់ស្តែងដូចជាខ្យល់អាកាសនាពេលបច្ចុប្បន្ននេះដែរ ថ្វីបើស្ថានភាពខ្យល់នៅកម្ពុជាមានភាពប្រសើរជាងប្រទេសដទៃក្នុងតំបន់អាស៊ានតែកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយមិត្តក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀតនៅលើសកលលោក។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាសាក្ខីកម្មនៃកម្លាំងសាមគ្គីបន្ថែមពីថ្នាលបណ្តុះទ្រឹស្តីទៅជាថ្នាលបណ្តុះការអនុវត្ត ដែលស្របតាមជំហានរបស់បរិស្ថាន គឺប្រែក្លាយពីការផ្សព្វផ្សាយ ការប្តេជ្ញាចិត្ត ទៅជាសកម្មភាពនៃការរអនុវត្តផ្ទាល់ ហើយបន្តការអនុវត្តឱ្យទៅជាទំលាប់ប្រចាំថ្ងៃ ដែលមានភាពស្អាត ភាពបៃតង និងចីរភាព៕