(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៥-៧ ខែកុម្ភ: ឆ្នាំ២០២៥នេះ សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ចំនួន៨២៨នាក់ មកពីសាខាទួលគោក ចំការដូង និងផ្សារថ្មី ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់ នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug តាមរយៈសិក្ខាសាលាដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក លោកស្រីជានាយកចាងហ្វាង និងចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងទួលគោក ចំការដូង និងផ្សារថ្មី បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗ ពាក់ព័ន្ធគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់ នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug ជូនដល់សិស្សថ្នាក់ទី៧ និងទី៨។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បាននាំនូវការកោតសរសើរ ថ្លែងអំណរគុណពីlokសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាល ដែលបានចូលរួមលើកកម្ពស់ការយល់ដឹង ស្តីពីផលប៉ះពាល់ នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ឬស្សីអាចរឹងមាំបានលុះត្រា តែទំពាំងមានសុខភាពល្អ។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា គ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សរបស់យើងមិនទៅពាក់ព័ន្ធអំពើអបាយផ្សេងៗ ដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយដែលល្អប្រពៃដែលយើងទាំងអស់គ្នា ត្រូវតែនាំគ្នាចូលរួម ហើយពួកគាត់ទាំងអស់គ្នា គឺជាអាជ្ញាធរប្រចាំគ្រួសាររបស់ពួកគាត់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួម សូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug: https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ខណៈបច្ចុប្បន្ន App NoDrug ទទួលបានការរាយការណ៍ជិត១,០០០ករណី៕