(ព្រះវិហារ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋម្នាក់ យកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចៀសផុតពីជំងឺផ្សេងៗ បើទោះបីមានគ្រូពេទ្យពូកកែយ៉ាងណាក្ដី។ ខណៈបុគ្គលម្នាក់ៗ ជាអ្នកអប់រំដ៏ល្អប្រសើរនៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងជាគ្រូពេទ្យដ៏ចំណាន សម្រាប់ថែទាំសុខភាពផ្ទាល់ខ្លួន និងសុខភាពក្រុមគ្រួសាររបស់ខ្លួនជាបឋម។

ការថ្លែងលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ណាហ្កាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្មកាទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរស្រុករវៀង ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លុវការ នៃអគារសម្រាកព្យាបាលជំងឺក្នុងមណ្ឌលសុខភាពរវៀង ស្ថិតក្នុងភូមិបាក់ក្តោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន និងសប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភសាងសង់ នូវអគារសម្រាកព្យាបាលជំងឺមួយថ្មីបន្ថែមទៀត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមណ្ឌលសុខភាពរវៀង ដែលបានផ្តល់នូវភាពងាយស្រួលដល់មន្ត្រីសុខាភិបាល ក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំ ការព្យាបាលជំងឺ។

មន្ដ្រីជំនាញសុខភាពសាធារណៈរូបនេះ បានកត់សម្គាល់ថា ជំងឺសឹងតែ៨០ភាគរយ គឺកើតចេញមកដោយសារប្រព្រឹត្ត និងការដែលយើងបរិភោគ ដោយលោកស្រីលើកជាឧទាហរណ៍ថា ករណីពុលស្រា ដូច្នេះការប្រព្រឹត្តរបស់យើង គឺសំខាន់ណាស់។ ក្នុងន័យនេះ បុគ្គលម្នាក់ៗត្រូវតែខិតខំស្វែងយល់របៀបធ្វើយ៉ាងមិច ដើម្បីថែរក្សាសុខាភាពឲ្យបានល្អ។ លោកស្រីថា នៅទីនេះមានការអភិវឌ្ឍន៍ល្អនៅលើវិស័យសុខាភិបាល ខិតខំកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាព ហើយកំពុងជំរុញបង្កើននូវការងារថែទាំសុខភាពបឋម នៅតាមមូលដ្ឋានសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងណែនាំនូវចំណុចមួយចំនួនរួមមាន៖

* សូមឲ្យទាំងអស់គ្នា គិតអំពីសុខភាពជាចម្បង មុននឹងធ្វើអ្វី ឬបរិភោគអ្វីមួយត្រូវគិតអំពីសុខភាព ដោយបុគ្គល់ម្នាក់ត្រូវអប់រំក្នុងគ្រួសារបស់ខ្លួន និងជាគ្រូពេទ្យដ៏ចំណានក្នុងការថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ កុំរង់ចាំទាល់តែឈឺហើយទើបរត់រកការព្យាបាល អនុលោមតាមពាក្យស្លោក «ការពារប្រសើជាងព្យាបាល»
* សូមចូលរួមទាំងអស់គ្នា លើការងារធ្វើឲ្យបានល្អប្រសើរឡើងនូវសុខភាព ជំរុញការកែលម្អគុណភាពសេវា និងការអនុវត្តជំរុញការថែរក្សាសុខភាពបឋម ដោយអាជ្ញាធរមូលដ្ឋានជាមួយសហគមន៍ សហការគ្នាជាមួយមន្ទីរសុខាភិបាល ជាមួយស្រុកប្រតិបត្តិ ជាមួយមន្ទីរពេទ្យបង្អែក ជាមួយមណ្ឌលសុខភាព ពិសេសគណៈកម្មការគ្រប់គ្រងប្រក្សាសុខភាពភូមិ
* ជំរុញការអប់រំសុខភាពបន្ថែមទៀត ពិសេសគឺកាត់បន្ថយជាអតិបរមារនូវជំងឺមិនឆ្លង កាត់បន្ថយកត្តាហានិភ័យ តិចខ្លញ់ តិចអំបិល តិចស្ករ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង
* ស្ត្រីមានផ្ទៃពោះ ត្រូវមកពិនិត្យផ្ទៃពោះចំនួន៤ដងមុននឹងគ្រប់ខែ ហើយត្រូវទៅសម្រាលដោយគ្រូពេទ្យ ដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេសនៅតាមមណ្ឌលសុខភាព និងចៀសវាងការសម្រាលតាមឆ្មបបុរាណ
* ទារក និងកុមារត្រូវទទួលបានការចាក់ថ្នាំឲ្យបានគ្រប់មុខ ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ
* អ្នកលើសឈាម អ្នកជំងឺទឹកនោមផ្អែម ត្រូវមកទទួលសេវាតាមដាន ក៏ដូចជាទទួលថ្នាំ នៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយត្រូវចេះតាមដានសុខភាពរបស់ខ្លួនឲ្យបានល្អត្រឹមត្រូវ ដោយចូលរួមសហការជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព
* អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់លើការងារប្រើប្រាស់សេវាសុខភាពសង្គម
* គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ដែលដឹកនាំដោយលោកមេឃុំ ត្រូវតែធ្វើឲ្យបានជាប្រចាំ ត្រូវមានគំនិតច្នៃប្រឌិត ដោយមណ្ឌលសុខភាព ជួយគាំទ្រការផ្តល់ការណែនាំលើបច្ចេកទេសលើការងារសុខាភិបាល
* រដ្ឋបាលខេត្ត ស្រុក ឃុំ មណ្ឌលសុខភាព សហការគ្នាធានាធ្វើយ៉ាងណារុញច្រានមណ្ឌលសុខភាពចំនួន១០ ដែលបានកំណត់រួចហើយ ឲ្យក្លាយទៅជាមណ្ឌលសុខភាពគំរូ ស្អាត ដំណើរការល្អ និងធ្វើឲ្យបានក្នុងឆ្នាំ២០២៥ នៅខេត្តព្រះវិហារ
* គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មណ្ឌលសុខភាព គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ត្រូវបន្តកិច្ចសហការ និងសហប្រតិបត្តិការ ជាមួយអន្តរវិស័យតាមការងារទទួលខុសត្រូវរៀងៗខ្លួន។

បើតាមលោកវេជ្្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា អគារសម្រាកនៃមណ្ឌលសុខភាពរវៀង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង គូសាណូណិ របស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។ អគារនេះមានទំហំ២៨ម៉ែត្រ គុណ១២ម៉ែត្រ កម្ពស់១ជាន់ មាន១៣បន្ទប់ និងបន្ទប់ទឹក៤។ អគារនេះចាប់ផ្តើមកសាងនៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់សរុបចំនួន១២៦,៦៤៨ដុល្លារ៕