Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក និងព្រះចៅអធិការវត្តក្តីតាចិន រៀបចំបង្គោលភ្លើង បំពាក់អំពូលសូឡា ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

07-02-2025 20:57

(កំពង់ធំ)៖ ដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឲ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូអត្តមុនីញាណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ព្រមទាំងសប្បុរសជន នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានរៀបចំឲ្យមានបង្គោលភ្លើង និងបំពាក់អំពូលសូឡា ចំនួន៧២ដើម នៅលើផ្លូវស្ថិតក្នុងភូមិឈូក និងភូមិកំចាយមារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

បង្គោលភ្លើង និងអំពូលសូឡាទាំងនេះ ជាអំណោយរបស់សប្បុរសជនជិតឆ្ងាយ ដែលចូលរួមជាមួយព្រះចៅអធិការវត្តក្តីតាចិន ក្នុងបុព្វហេតុសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ ឲ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ កាត់បន្ថយភាពស្ងប់ស្ងាត់ ភាពងងឹតនៅតាមដងផ្លូវ ក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោក ហាក់ ម៉ុងហួត បានសម្ដែងនូវការថ្លែងអំណរគុណចំពោះ ព្រះគ្រូអត្តមុនីញាណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ដែលតែងតែកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយ យកមកកសាងសមិទ្ធផលនានា ក្នុងមូលដ្ឋានមានទាំងសមិទ្ធផលក្នុងវត្តអារាម និងសមិទ្ធផលសាធារណៈផ្សេងៗ។

លោកអភិបាលស្រុក រួមទាំងព្រះព្រះគ្រូអត្តមុនីញាណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ក៏បានថ្លែងអំណរគុណ និងជូនពរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមកសាងសមិទ្ធផលសាធារណៈទាំងនោះ ខណៈការចូលរួមនេះ គឺបានផ្ដល់ជាប្រយោជន៍ច្រើនណាស់សម្រាប់មូលដ្ឋានភូមិ ឃុំ នៅស្រុកតាំងគោក។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះឲ្យបានយូរ។ សូមបញ្ជាក់ថា សូឡាដែលបានដាក់មាន៧២ដើម ចំណាយថវិកា៣,៦០០ដុល្លារ ដាក់នៅពីរភូមិ គឺភូមិឈូក និងភូមិកំចាយមារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ៕