(កំពង់ឆ្នាំង)៖ មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកជិន សុផាត(ហៅហេង) ឃាត់ខ្លួន តាមដីការបស់តុលាការខេត្តកំពង់ឆ្នាំង ចេញដោយចៅក្រម លោកស្រី គឹម លុយ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចហាងកាហ្វេមួយកន្លែងស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារយ៉ាងតក់ក្រហុលនៅរសៀលថ្ងៃដដែលនោះ។

 សម្រាប់ចំណាត់ការខាងលើនេះ មន្រ្តីយោធារងគ្រោះ និងក្រុមគ្រួសារ បានចាត់ទុកថា អយុត្តិធម៌ណាស់ និងសុំស្វែងរកអន្តរាគមន៍ពី អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ មន្រ្តីយោធាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ លន់ ឡេង អាយុ៣៩ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបម្រើការងារនៅនាយកដ្ឋានកងអង្គរក្សទៀតផង។

 ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ មន្រ្តីយោធាខាងលើ ត្រូវបានបន្តនាំយកសួរនាំដោយព្រះរាជអាជ្ញារងលោក ឡុង ស៊ីថា និងចៅក្រមលោកស្រី គឹម លុយ។ សមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មន្រ្តីយោធាដែលត្រូវចាប់ខ្លួននោះ គឺមានការពាក់ព័ន្ធ ពីបទរារាំងសមត្ថកិច្ចពេលបំពេញភារកិច្ច កាលពីអំឡុងឆ្នាំ២០១៤ ប៉ុន្តែទើបតែចេញដីកាតាមចាប់នៅពេលនេះទៅវិញ។

ក្នុងករណីឃាត់ខ្លួនមន្រ្តីយោធាខាងលើនេះ ត្រូវបានគេមើលឃើញថា ហាក់មានភាពតក់ក្រហល់ ឬមានភាពអាថ៌កំបាំងអ្វីមួយ នៅពីក្រោយខ្នង តែមួយពព្រិចភ្នែកសោះ ក៏ត្រូវតុលាការខេត្តកំពង់ឆ្នាំងធ្វើការឃុំខ្លួន ក្នុងពន្ធធនាគារខេត្ត តាំងពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ ក្រោយពេលចាប់ខ្លួន។ ក្នុងហេតុការណ៍ខាងលើនេះ មជ្ឈដ្ឋានមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារយោធាដែលត្រូវឃាត់ខ្លួន មើលឃើញថា មានភាពអយុត្តិធម៌បំផុតដែលមិនអាចឲ្យពួកគាត់ ទទួលយកបាន ខណៈមន្រ្តីយោធារូបនេះ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

 ក្រុមគ្រួសារសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង។ សូមរំលឹកថា តាមដំណើររឿងនាពេលកន្លងទៅនោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រាប់ថា ករណីនេះអាចជាប់ពាក់ព័ន្ធនឹងរថយន្តដឹកឈើរាជថ្កុល២ដុំ និងឈើធម្មតាចំនួន២ដុំ ដែលម្ចាស់ឈើត្រូវបានគេស្គាល់ឈ្មោះ អៀរ គុយម៉ុង (ហៅក្តាន់) បានឲ្យឈ្មោះយូ ជាម្ចាស់រថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ មួយបាំងកន្លះ ដឹកយកទៅធ្វើតុបាយនៅស្ថានីយ៍ប្រេងឥន្ធនៈដំរីមាស ក្នុងឃុំពង្រ ស្រុករលាប្អៀរ របស់ឈ្មោះ សាយ សូ កាលពីដើមឆ្នាំ២០១៤។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ធ្លាប់បានប្រាប់អ្នកកាសែតនៅពេលនោះថា លោកនឹងពិនិត្យមើលរឿងរ៉ាវ ករណីចាប់រថយន្តដឹកឈើអារ ដែលគេស្គាល់ច្បាស់ជាឈើរាជថ្កុលចំនួនពីរសន្លឹក និងពីរដុំតូចៗ ដែលប្រជាពលរដ្ឋដឹកចេញពីភូមិត្រពាំងម្លូ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ហើយត្រូវបានកម្លាំងចម្រុះស្ទាក់ចាប់បាន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នៅចំណុចត្នោតមួយដើម ក្នុងភូមិសាស្ដ្រ ភូមិក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ក្បែរព្រំប្រទល់ ស្រុករលាប្អៀរ ឲ្យបានស៊ីជម្រៅ និងមូលហេតុច្បាស់លាស់  តើខាងណាខុសខាងណាត្រូវ? តើឈើខាងលើជាឈើអ្វីឲ្យប្រាកដ? លោកថា សមត្ថកិច្ចមុន នឹងធ្វើការបង្ក្រាបគួរពិចារណាទំហំនៃបទល្មើសថា ជាឈើជួញដូរ ឬជាឈើសម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងផ្ទះ? ការចាប់បង្ក្រាបប្រជាពលរដ្ឋគ្រាន់តែពួកគាត់ដឹកបន្តិចបន្តួច យកទៅប្រើប្រាស់ក្នុងផ្ទះជាលក្ខណៈ គ្រួសារ គួរតែបានយោគយល់មិនត្រូវធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ឡើយ។

 លោក ឈួរ ច័ន្ទឌឿន បានបន្តថា លោកមិនបានបញ្ជាឲ្យសមត្ថកិច្ចដែលដឹកនាំដោយលោក ជុំ សារិន ជានាយរងការិយាល័យទី២ យោធភូមិភាគពិសេស និងជានាយស្នាក់ការខេត្តកំពង់ឆ្នាំង ធ្វើការចុះ បង្ក្រាបនោះទេ ដោយមន្ត្រីរូបនេះមិនមាននៅក្នុងក្រុមគណៈបញ្ជាការបង្ក្រាបបទល្មើសឡើយ ហើយការ បង្ក្រាបរថយន្ត ដឹកឈើនេះលោកពុំទាន់បានសេចក្តីរាយការណ៍ណាមួយជាក់លាក់នៅឡើយទេ។

 អភិបាលរងខេត្តកំពង់ឆ្នាំងលោកបណ្ឌិត ចេង ញ៉ាន់ ទទួលបន្ទុកបង្ក្រាបរាល់បទល្មើសក្នុងខេត្ត បានឲ្យដឹងផងដែរថា ករណីខាងលើនេះ លោកក៏ពុំទាន់បានដឹងផងដែរ ព្រោះពុំមានអ្នកណារាយការណ៍ មកលោកនៅឡើយ ហើយករណីខាងលើនេះ លោក ជុំ ណារិន មិនគួរបង្ក្រាបដោយគ្មានបទបញ្ជាឡើយ ដោយខ្លួនមិនមានមុខងារក្នុងក្រុមបង្ក្រាបបទល្មើសក្នុងខេត្ត។ លោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានអះអាងថា ឈើខាងលើ គឺជាឈើរាជថ្កុល ការបង្ក្រាបនាពេលនោះ ដំបូងឡើយលោកពុំបានដឹងទេ ប៉ុន្តែដោយមានកម្លាំងសមត្ថកិច្ច ផ្សេងទៀតទៅជាន់ជាប់ ទើបហៅលោកទៅបង្ក្រាបតែម្តង។

 ដោយឡែកលោក ជុំ ណារិន  នាយរងការិយាល័យទី២ យោធភូមិភាគពិសេស និងជានាយស្នាក់ការ ខេត្តកំពង់ឆ្នាំង បានអះអាងថា ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ដោយមានបញ្ជាពីព្រះរាជអាជ្ញា ក៏ដូចជា អភិបាលខេត្តកំពង់ឆ្នាំងផងដែរ។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺ ពីមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង បាននៅឡើយទេនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ តើមន្រ្តីយោធាខាងមានកំហុសអ្វី៕