(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឲ្យកាន់តែល្អដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។
ការបញ្ជាក់បែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើរជើង (Walk street) នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ក្រោយពីបើកសាល្បងផ្លូវថ្មើរជើង (Walk street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រ និងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១ នេះបានបង្ហាញឲ្យឃើញពីភាពជោគជ័យមួយជំហានហើយ។ ទន្ទឹមនឹងនេះ យើងក៏បានមើលឃើញពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ ដូច្នេះហើយទើបបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូលយកមកអនុវត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់បងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk street) នេះ។ បន្តមកទៀត ការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ (របាំងប្រពៃណីជាតិ ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ (បណ្ណាល័យចល័ត) កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង (Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជំរុញឲ្យមានការសំអាតអនាម័យ បរិស្ថាន សំខាន់ទីតាំងនេះ ត្រូវតែស្អាត មានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។
ជាមួយគ្នានេះ ត្រូវបន្ថែមខ្សែរត់របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែ ដែលមានស្រាប់ មកកាន់ទីតាំងផ្លូវថ្មើរជើង (Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ ខ្សែរត់រថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ផ្លូវថ្មើរជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង ៤A៖
*ខ្សែទី២A ចេញដំណើរពីស្ថានីយរថយន្តក្រុងកួចកាណុង ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ)
*ខ្សែទី៣ ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២
*ខ្សែទី៤A ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ ស្ថានីយបុរីសន្តិភាព២។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឲ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕