(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «មគ្គុទេ្ទសក៍ណែនាំស្តីពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ និងការផ្សព្វផ្សាយបទដ្ឋានគតិយុត្ត» ដោយមានការចូលរួមពីលោកស្រី Meloney Lindberg តំណាងមូលនិធិអាស៊ីប្រចាំកម្ពុជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទក្រសួងពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីមគ្គុទេ្ទសក៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងសេវារថយន្តក្រុងសាធារណៈ ដើម្បីផ្តល់អនុសាសន៍សម្រាប់ជាគំរូក្នុងការកែលម្អរថយន្តក្រុងដែលបាននាំចូលមកកម្ពុជា និងបង្កភាពងាយស្រួលដល់អ្នកដំណើរ ជាពិសេសជនមានពិការភាព ក្នុងទិសដៅជំរុញសេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងឱ្យមានបរិយាបន្ន និងសមធម៌សម្រាប់បុគ្គលគ្រប់រូប។
បន្ថែមពីនេះ សិក្ខាសាលានេះក៏ធ្វើឡើងដើម្បីផ្សព្វផ្សាយប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូណតាមផ្លូវគោក ដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមក។
ថ្លែងក្នុងអង្គសិក្ខាសាលា លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអង្គភាពក្រោមឱវាទក្រសួងពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ក្នុងការសម្រេចបានសៀវភៅមគ្គុទេ្ទសក៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងសេវារថយន្តក្រុងសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ស្របតាមការចង្អុលបង្ហាញ និងការកំណត់ទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕