(កំពង់ធំ)៖ លោក ហ្គុនថឺរ ប៊ែរហ្គឺ នាយកអង្គការ UNIDO រួមជាមួយនឹងសហការី បានអញ្ជើញទស្សនកិច្ចនៅសិប្បកម្មកែច្នៃត្រី ធឿន ស្រីនី ក្នុងខេត្តកំពង់ចាម និងសិប្បកម្មកែច្នៃត្រី សោភ័ណសុខម៉េង ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។
សិប្បកម្មកែច្នៃត្រីទាំងពីរនេះ បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនេះថា មុនពេលទទួលបានគម្រោង Capfish-Capture នៃអង្គការ UNIDO សិប្បកម្មរបស់ពួកគាត់ មិនទាន់មានសោភ័ណ និងអនាម័យស្អាតនៅឡើយ ទាំងការវេចខ្ចប់ និងការរៀបចំទីតាំងកែច្នៃផ្សេងៗ ជាពិសេសតម្លៃលក់មិនសូវបានខ្ពស់នោះទេ។
ម្ចាស់សិប្បកម្មទាំងពីរ បានលើកឡើងដូចៗគ្នាថា ក្រោយទទួលបានការគាំទ្រពីគម្រោង Capfish-Capture ដែលអនុវត្តរួមដោយអង្គការ UNIDO និងរដ្ឋបាលជលផល ដោយទទួលបានកញ្ចប់ថវិកាពីសហភាពអឺរ៉ុប បានប្រែក្លាយសិប្បកម្មទាំងពីរ ទៅជាសិប្បកម្មកែច្នៃត្រីប្រកបដោយស្តង់ដារគុណភាពត្រឹមត្រូវ មានអនាម័យ ការវេចខ្ចប់មានសោភ័ណភាព ដែលនាំឲ្យតម្លៃក៏បានខ្ពស់ផងដែរ។
នាយកអង្គការ UNIDO, លោក ហ្គុនថឺរ ប៊ែរហ្គឺ បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិប្បកម្មទាំង២ ដែលបានអនុវត្តតាមស្ដង់ដារចំណីអាហារ និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោក បានបង្ហើបថា នឹងមានគម្រោងគាំទ្រលើការកែច្នៃផលិតផលស្វាយចន្ទីផងដែរ ដ្បិតលោកមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសមានអំណោយផលទៅលើដំណាំនេះស្រាប់ ហើយបច្ចុប្បន្នមិនទាន់មានការកែច្នៃផលិតផលស្វាយចន្ទីគ្រប់គ្រាន់នៅឡើយ៕