(ភ្នំពេញ)៖ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំ​នៅកម្ពុជា ដែលទើបនឹងចូលមកបំពេញការងារ បានប្តេជ្ញាពង្រឹង និង​ពង្រីកទំនាក់ទំនងកម្ពុជា-នេប៉ាល់ ជាពិសេសការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ​រវាងកម្ពុជា និងនេប៉ាល់។ លោកឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តខ្ពស់​ក្នុងការ​ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុង​អាណត្តិការទូតរបស់លោក ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​ធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំកិច្ចប្រជុំ​ពិគ្រោះ​យោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ជាការឆ្លេីយតប សម្ដេចមហាបវរធិបតី បានសម្ដែងការអបអរសាទរ​ចំពោះ​លោក Dhan Bahadur Oli ដែលត្រូវបានតែងតាំងជាឯក​អគ្គរដ្ឋទូត​នេ​ប៉ាល់ប្រចាំកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះភាព​រីកចម្រើន​នៃ​ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្ដេចមហា​បវរធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនង​កម្ពុជា-នេប៉ាល់នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោក។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ យន្តការនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ ជាដេីម។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តលោកឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕