នគរបាលក្រុងពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
07-02-2025 16:55
(ពោធិ៍សាត់)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលស្រែ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ ជា សុខនីន អាយុ២០ឆ្នាំ មុខរបរនិសិ្សត រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន៤កញ្ចប់ (ទម្ងន់ ៨៩,៧៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ), ទូរស័ព្ទចំនួន១គ្រឿង, ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ 1L-0025 និងឧបករណ៍មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី៕