(ភ្នំពេញ)៖​ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានឱ្យដឹងថា នៅ​ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្មសម្រេចបានកំណើនប្រមាណ៨.៥​% ដែលជាកំណើនដ៏ធំមួយគួរឱ្យកត់សម្គាល់ និងព្យាករណ៍ថាវិស័យនេះនឹងកើនឡើងក្នុងរង្វង់៨.៦%។

ការសម្រេចបានកំណើនល្អប្រសើរនេះ ស្របពេលកើនឡើងនៃចំនួនរោងចក្រឧស្សាហធុនធំក្នុងឆ្នាំ២០២៤ បើទោះបីជាមានរោងចក្រខ្លះ បានបិទដំណើរការក៏ដោយ។ លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ មានរោងចក្រឧស្សាហកម្មធុនធំបើកថ្មីមានចំនួន៣២៦ ជាពិសេសនៅក្នុងឆមាសទី២ ដែលបានកើនឡើងជាគំហុក បន្ទាប់ពីមានការរើទីតាំងមួយចំនួនពីប្រទេសចិន ដោយទទួលបានទុនវិនិយោគប្រមាណ ២០ពាន់លានដុល្លារ​។

លោក ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបសវនាការស្តីពីសមិទ្ធផលការងារឆ្នាំ២០២៤ ជាមួយគណៈកម្មាធិការទី៩នៃព្រឹទ្ធសភាកម្ពុជាដឹកនាំដោយ លោក អ៊ុ សារឹទ្ធ ​​ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥​។

បើតាម លោក ហែម វណ្ណឌី គិតមកទល់ដំណាច់ឆ្នាំ២០២៤ រោងចក្រឧស្សាហធុនធំដែលកំពុងដំណើរការ មានចំនួន២ ៤២៥រោងចក្រ។ តែនេះយ៉ាងនេះក្តី កាលពីឆ្នាំ២០២៤កន្លងទៅក៏មានរោងចក្រចំនួន២៦បានបិទទ្វារផងដែរ ​ដូចជារោងចក្រផលិតបន្ទះសូឡាជាដើម។ ជាមួយគ្នា​ តំបន់សេដ្ឋកិច្ចពិសេស​បានកើនឡើង៣០ និងសួនឧស្សាហកម្ម​កើនឡើង ២០។
​ដោយឡែកចំនួនផលិតកម្មទំនិញ ដែលបានផលិតក្នុងឆ្នាំ២០២៤ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ ​មានចំនួនប្រមាណ ១៥ពាន់លានដុល្លារ។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានលើកឡើងផងដែរថា ​​យ៉ាងណាមិញវិស័យនេះ ក៏អាចនឹងរងផលប៉ះពាល់​នូវបញ្ហាមួយចំនួន នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលនឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ។ ​ដូច្នេះហើយវិស័យឧស្សាហកម្ម ​និងសិប្បកម្មនឹងជួបបញ្ហាប្រឈម ​ដូចជា ការកើនឡើងការប្រកួតប្រជែងជាមួយប្រទេសផ្សេង ការរិតបន្តឹងអនុលោមភាពច្បាប់ និងបទបញ្ញតិ្តនានា ការខ្វះខាតកម្លាំងពលកម្មជំនាញ បញ្ហាថ្លៃដឹកជញ្ជូន និងឡូជីស្ទិក ថ្លៃថាមពល ការវិវត្តនៃបច្ចេកវិទ្យាជឿនពេក ដែលតម្រូវឱ្យក្រសួងដាក់ចេញនូវទិសដៅការងារថ្មីក្នុងការដោះស្រាយ៕