(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំនិស្សិតវិស្វករឆ្នាំទី៤និងទី៥ មុខជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងសាស្ត្រាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ប្រមាណ ១២០នាក់ ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ នៅទីតាំងអនុវត្តគម្រោងតំបន់រលាំងជ្រៃ និងតំបន់ស្ទឹងតូច ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅទីតាំងអនុវត្តគម្រោងជាក់ស្តែង ពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ជាពិសេស ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត ជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទស្សនកិច្ចសិក្សាស្វែងយល់នាពេលនេះគឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសមុខជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលជាការងារអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្របតាមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕