(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាកងកម្លាំងនគរបាលក្រោមឱវាទ រួមមានកម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលក្រុងកំពត បានចេញប្រតិបត្តិការ ដេញចាប់ប្រផាប់ប្រភីង បានក្រុមចោរលួចកាច់សោ-កម៉ូតូ៦នាក់ ដែលធ្វើសភាពដ៏សកម្ម នាពេលកន្លងមក ក្នុងភូមិសាស្ត្រក្រុងកំពត និងកន្លែងផ្សេងៗទៀត។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដោយចោរ៥នាក់ ឃាត់ខ្លួនបាននៅចំណុចក្បែរសណ្ឋាគារបុរីបូកគោ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត រីឯម្នាក់ទៀតកម្លាំងដេញឃាត់ខ្លួនបាន នៅផ្លូវលេខ៣៣ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
មន្ដ្រីនគរបាល បានប្រាប់ព័ត៌មានបឋមមកថា មុខសញ្ញាក្រុមចោរខាងលើ មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋាននៅឡើយទេ ដោយក្រុមចោរ មានគ្នា៦នាក់ ជិះរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ និងម៉ូតូ១គ្រឿង។ តែទោះជាយ៉ាងណា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនមកសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីឈានទៅស្រាវជ្រាវរកបក្ខពួកផ្សេងទៀត យកមកអនុវត្តតាមនីតិវិធី៕