(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ និងសហគមន៍កសិកម្មគោកស្រុក ក្នុងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ លោក វង សូត បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយអ្នកបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។

លោកបានកត់សម្គាល់ពីការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេស គឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ។ លោកសង្ឃឹមថា រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែង ជំរុញការអនុវត្តន៍គោលនយោបាយនេះ អោឲ្យទទួលមានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ស្របពេលនោះដែរ លោក វង សូត បានសំណូមពរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាកសិករ ត្រូវតែសហការគ្នាឲ្យបានល្អ ក្នុងការបង្ករបង្កើនផលកសិកម្ម ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញពាក់ព័ន្ធនានា ដើម្បីជៀសវាងការខាតបង់ និងហានិភ័យផ្សេងៗ។

លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឲ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗ ឲ្យបានទាន់ពេលវេលា។

ចប់ពិធីសំណេះសំណាល លោក វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាពរបស់ សហគមន៍កសិកម្មគោកស្រុក ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកា ក្រុមសហគមន៍កសិកម្មគោកស្រុក ត្រូវខិតខំប្រឹងប្រែងធ្វើការដាំដុះដំណាំផ្សេងៗបន្ថែមទៀត ក្នុងការជំរុញការផលិតដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ធ្វើឲ្យជីវភាពកសិករមានធូធារជាមុន។

សូមបញ្ជាក់ថា សហគមន៍កសិកម្មគោកស្រុក មានផ្ទៃដីសរុប ២២១ហិកតា ក្នុងនោះផ្ទៃដីដាំបន្លែ ៦៤ហិកតា, ដំឡូងមីមានផ្ទៃដី៧៩ហិកតា, ស្រូវធ្ងន់មានផ្ទៃដី៣០ហិកតា, កៅស៊ូមានផ្ទៃដី៣០ហិកតា និងផ្ទៃដីស្វាយចន្ទី១៨ហិកតា ចំពោះដំណាំខ្ទឹមស្លឹក ដែលអាចប្រមូលផលបានប្រមាណ៥តោន/១ថ្ងៃ និងបន្លែរួមផ្សំដែលអាចប្រមូលផលបាន១តោន/ក្នុងថ្ងៃ។ សម្រាប់ ទីផ្សារសំខាន់ៗ សម្រាប់លក់កសិកផលបន្លែទៅកាន់ទីផ្សារដូចជា៖ ផ្សារក្រុងសួង ភ្នំពេញ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តផ្សេងទៀត។

លោក វង សូត ព្រមទាំងតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំទាំងអស់ បានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា នៃពិធីសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងសហគមន៍កសិកម្មគោកស្រុក ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀល និងបានឧបត្ថម្ភសាលាស្រុកតំបែរចំនួន ១លានរៀលផងដែរ៕