(មណ្ឌលគិរី)៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពអ្នករងរបួស ក្នុងហេតុការណ៍រថយន្ដក្រុងរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងឱកាសពិនិត្យសាកសួរសុខទុក្ខអ្នករងរបួសនៅមន្ទីរពេទ្យ លោក ថង សាវុន ក៏បានសាកសួរបន្ថែមអំពីហេតុការណ៍ដែលបានកើតឡើង និងបានឧបត្ថម្ភថវិកាមួយចំនួនជូនផងដែរ។ លោកបានណែនាំឲ្យក្រុមគ្រួសារយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកដែលរងរបួសទាំងអស់។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីរថយន្ដក្រុងមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3D-6584 ពណ៌ស បានរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងករណីនេះ មានអ្នកធ្វើដំណើរសរុប៤៦នាក់ (មានសង្ឃ៣អង្គ) របួសធ្ងន់៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល១១នាក់ (ស្រី០៤ ប្រុស០៧)។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានអះអាងថា ក្រោយកើតហេតុភ្លាមៗ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូនទៅរាជធានីភ្នំពេញវិញផងដែរ។ បច្ចុប្បន្ន អ្នករបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នករបួសស្រាល និងអ្នកគ្មានរបួស៕