(កំពង់ចាម)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ បានចេញអនុក្រឹត្យកែសម្រួល «សាលាវិស្វកម្មតេជោ» ទៅជា «វិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ» ដាក់ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិទ្យាស្ថានមួយនេះត្រូវបានប្រកាសជាផ្លូវការ ព្រមទាំងពិធីបិទ-បើកវគ្គបណ្តុះបណ្តាល និងសម្ពោធសមិទ្ធផលនានា ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានរម្លឹកថា កាលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៨០ អគ្គសេនាធិការបានសម្រេចបង្កើតជំនាញទ័ពជាង ឱ្យមានរចនាស ម្ព័ន្ធនៅតាមប្រភេទទ័ព-ទ័ពជំនាញ ចាប់ពីអគ្គសេនាធិការ ដល់កងពលធំ វរសេនាធំ ដើម្បីធានាឱ្យការកសាងធនធានមនុស្សប្រកបវិជ្ជាជីវៈ មានសមត្ថភាពជាអ្នកដឹកនាំ ឆ្លើយតបក្នុងស្ថានភាពកំពុងមានសង្គ្រាមផង មានសន្តិភាពផង។ បន្ទាប់មកនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៨៣, ក្រសួងការពារជាតិ និងអគ្គសេនាធិការ បានសម្រេចបង្កើតវរសេនាតូចហ្វឹកហ្វឺនទ័ពជាងលេខ៧៧ មានទីតាំងនៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។ បន្ទាប់ពីការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៥, វរសេនាតូចហ្វឹកហ្វឺនលេខ ៧៧ ត្រូវបានពង្រីក និងកែសម្រួលជាកងវរសេនាធំហ្វឹកហ្វឺនលេខ៦០ ដោយមានភារកិច្ចទាំងក្នុងការបំពេញភារកិច្ចជំនាញក្នុងការប្រយុទ្ធផង និងហ្វឹកហ្វឺនផង។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៧ ត្រូវបានសម្រេចឱ្យបង្កើតទៅជាសាលាហ្វឹកហ្វឺនទ័ពជាង ដោយកែសម្រួលរចនាសម្ព័ន្ធចាត់តាំងរបស់វរសេនាធំលេខ៦០ មានភារកិច្ចហ្វឹកហ្វឺនបណ្តុះបណ្តាលត្រឹមតែនាយទាហានរង និងជំនាញឯកទេសគ្រប់ប្រភេទ បានដោយបានអនុវត្តជាច្រើនវគ្គប្រកបដោយវិជ្ជាជីវៈ។
លោកឧត្តមសេនីយ៍ទោ សឹង សុខន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៦ សាលាហ្វឹកហ្វឺនទ័ពជាង ត្រូវបានសម្រេចប្រគល់ទាំងស្រុង ទាំងទីតាំង ធនធានមនុស្ស និងសម្ភារៈ ជូនទៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ នៅឆ្នាំ២០១០ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានស្នើសុំបង្កើតសាលាឡើងវិញ លើមូលដ្ឋានក្របខណ្ឌរចនាសម្ព័ន្ធចាស់នៅឧដុង្គ ដោយបានទិញដីជាជំហានៗចំនួន ២៥,៣០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់ជាមួយ៤កងឯកភាពទៀត ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ហើយបានចាប់ផ្តើមកសាងសាលាឡើងវិញពីបាតដៃទទេ ហើយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ បានប្រសិទ្ធនាមសាលានេះថា «សាលាវិស្វកម្មតេជោ»។
លោកឧត្តមសេនីយ៍ទោ សឹង សុខន បានគូសបញ្ជាក់ថា ក្រោយមកដើម្បីឆ្លើយតបទៅនឹងសំណូមពរយុទ្ធសាស្ត្រនៃការកសាងកម្លាំងវិស្វកម្ម និងភារកិច្ចស្នូល បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានស្នើសុំកែសម្រួលដំឡើងកម្រិត «សាលាវិស្វកម្មតេជោ» ទៅជាវិទ្យាស្ថាន «វិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ» ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល។ ជាចក្ខុវិស័យ និងគោលការណ៍ផែនការដឹកនាំរបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្សបានកំណត់យកវិទ្យាស្ថាននេះ ជាថ្នាលបណ្តុះបណ្តាលស្នូលរបស់ជំនាញ វិស្វកម្ម ដែលនាយទាហានវិស្វកម្មទាំងអស់ គឺត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាល ៨០% ទាំងក្នុង និងក្រៅប្រទេស ជំនាញឯកទេសគ្រប់ប្រភេទទាំងអស់ត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលឱ្យបាន ៨៥% នៃចំនួនទ័ពរួម។ ពលទាហានថ្មីដែលបានជ្រើសរើសដាច់ខាតត្រូវហ្វឹកហ្វឺនរយៈពេល ៣ខែ ជាកាតព្វកិច្ច។
ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ទោ សឹង សុខន បានបន្ថែមថា ការកសាង និងពង្រឹងយោធាចារ្យលើមូលដ្ឋានយោធាចារ្យដែលកំពុងមាន ស្នើសុំធ្វើនិយ័តបត្រ, បណ្តុះ បណ្តាល និងបំប៉នដោយ ១មុខជំនាញមានចាប់ពី២នាក់ឡើងទៅ, រៀបចំចងក្រងឯកសារដែលជាក្បួនតម្រា របស់ជំនាញវិស្វកម្ម ដែលមាននិយាមជាសកលឱ្យបានច្រើនមុខ និងសម្បូរបែប។ ការហ្វឹកហ្វឺនផ្នែកទ្រឹស្តីត្រូវផ្សាភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែងលើទីលានហ្វឹកហាត់ រួមទាំងរូបសំណាក, ឧបទេសផ្សេងៗទៀត សម្រាប់ធ្វើបទបង្ហាញដល់សិក្ខាកាមងាយយល់ ងាយចាំ ងាយចេះ ហើយនៅថ្ងៃខាងមុខនេះនឹងរៀបចំការបង្រៀន តាមបែបឌីជីថល។
ឆ្លងកាត់ជាច្រើនដំណាក់កាលដែលសាលាវិស្វកម្ម កសាងលេចចេញជារូបរាង និងដោយឈរលើគោលការណ៍កសាងផង និងហ្វឹកហ្វឺនផង។ ក្នុងដំណាក់កាលដែលប្រទេសកំពុងប្រឈមនឹងទាំងសង្គ្រាមផង និងសន្តិភាពផង យោធាចារ្យជំនាញវិស្វកម្ម ត្រូវបានចាត់តាំងចុះបំពេញភារកិច្ចហ្វឹកហ្វឺន និងបំប៉នដល់បណ្តាកងកម្លាំងនៅតាមទិសសមរភូមិ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបច្ចេកទេសជាមួយនឹងការប្រើប្រាស់ជំនាញវិស្វកម្មក្នុងស្ថានភាពជាក់ស្តែង។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ សាលាវិស្វកម្មតេជោ បានបន្តពង្រឹងគុណភាពហ្វឹកហ្វឺន ដកពិសោធន៍ កែលម្អ និងលើកកម្ពស់សមត្ថភាពយោធាចារ្យ ហ្វឹកហ្វឺនពីរយៈពេលខ្លី ទៅមធ្យម និងឈានទៅការហ្វឹកហ្វឺនបណ្តុះបណ្តាលរយៈពេលវែង កម្រិតបរិញ្ញាបត្រ៤ឆ្នាំ ដែលចាប់តាំងពីបង្កើតសាលារហូតដល់ពេលនេះ សាលាដំណើរការហ្វឹកហ្វឺន ចំនួន ១៤វគ្គ ស្មើនឹង២,៣១២នាក់។
ការបណ្តុះបណ្តាលខាងលើ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃការកសាងកម្លាំងជំនាញវិស្វកម្ម ជាពិសេសកម្លាំងដែលត្រូវចូលនិវត្តន៍ និងភារកិច្ចចំពោះមុខទាំងបច្ចុប្បន្ន និងទៅអនាគត ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាននិងប្រគល់ឱ្យកងកម្លាំងវិស្វកម្ម គឺការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទាំងនៅក្នុងក្របខណ្ឌ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» និងក្របខណ្ឌថវិការបស់រាជរដ្ឋាភិបាលផង និងផែនការបញ្ចប់ជំហានទី១ រយៈពេល១០ឆ្នាំ ក្នុងការខណ្ឌសីមា បោះបង្គោលព្រំដែន កសាងផ្លូវក្រវាត់ព្រំដែន និងគោលការណ៍សម្រាប់អនាគត៕