(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយ លោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ខ្នងផ្ទះ និងទីទួលសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដែលហូរធ្លាក់ពីស្ទឹងព្រែកត្នោត ចំនួន៦០គ្រួសារ ក្នុងភូមិហា សង្កាត់ស្ពានថ្ម។
ក្នុងនោះដែរលោកអភិបាលខណ្ឌ ក៏បានទទួលអំណោយពី ព្រះគ្រូ កុង ពិសី ចៅអធិការវត្តសំបួរមាស ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាដែលសរុបជាង៤លានរៀល ព្រមទាំងសាលាអន្តរជាតិទ្រូវីហ្សិន ក៏បាននាំយកមីចំនួន៥០កេស ជូនដល់រដ្ឋបាលខណ្ឌសម្រាប់ ប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ។
លោកអភិបាលខណ្ឌ ក៏បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋាន និងតែងបានណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិ នានា។
បន្ថែមពីនេះ លោកអភិបាល ក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះបងប្អូនដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ ដែលហូរធ្លាក់តាមបណ្តោយ ទំនប់សណ្តស្ទឹងព្រែកត្នោតនេះ។
ជាមួយគ្នានេះ លោកអភិបាលដង្កោ នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ឲ្យប្រុងប្រយ័ត្ន ក្នុងរដូវនេះ ជាពិសេសក្មេងៗតូច កុំឲ្យលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយី របស់សត្វអាសិរពិសនានា។
ក្នុងនាមរដ្ឋបាលខណ្ឌ លោកអភិបាល បានធ្វើការថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះទ័យយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសធម៌ របស់ព្រះសង្ឃ និងសប្បុរសជនទាំងអស់ ដែលបានជួបឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ សម្ភារ ថវិកា ដល់រដ្ឋបាលខណ្ឌដើម្បីយកទៅចែកជូនដល់ផ្ទាល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមបណ្តាសង្កាត់ ដែលជាប់នឹងសណ្តស្ទឹងព្រែកត្នោត៕