(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច ជូនដល់និស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និង លោក ហុង ហោម្មលី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក ស៊ីយ៉ា ម៉ាលីដា នាយកការិយាល័យប្រតិបត្តិការមូលបត្រនិង បរធនបាលកិច្ច វាគ្មិនតំណាងពីធនាគារអេស៊ីលីដា ភីអិលស៊ី, ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ, និងនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា៕