(សៀមរាប)៖ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានជំរុញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។

ការជំរុញយ៉ាងដូច្នេះរបស់លោក ហ៊ី សាយ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៨៖ គឺភូមិស្លែងស្ពាន, ភូមិច្រនៀង, ភូមិភ្នំដី, ភូមិដំណាក់ដំរី, ភូមិចំការចេក, ភូមិព្រះខ្សែត, ភូមិធ្លក, និងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណា ដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។

លោក ហ៊ី សាយ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឲ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ផងដែរ។

លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បានលើកដែរថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុស ត្រូវដែលប្រទេសជឿនលឿននៅលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។

លោកបន្ថែមថា ដើម្បីឲ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យ គឺទាមទារកិច្ចសហការពីប្រជាពលរដ្ឋ ដែលម្ចាស់ដីផ្ទាល់ ត្រូវចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយ ដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យ ឲ្យបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។

ជាមួយនេះដែរ អភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានមកចូល និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលពុំបានចួលរួមឲ្យបានដឹង និងចូលរួមបោះបង្គោលព្រំដី ដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នាផងដែរ៕