(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីរថយន្ដក្រុងរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ស្លាកលេខ ភ្នំពេញ 3D-6584 ពណ៌ស នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងករណីនេះ មានអ្នកធ្វើដំណើរសរុប៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧)។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោកអភិបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូនទៅរាជធានីភ្នំពេញវិញផងដែរ។
បច្ចុប្បន្ន អ្នករបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នករបួសស្រាល និងអ្នកគ្មានរបួស៕