(ភ្នំពេញ)៖ លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចំពោះអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នត្រូវដូនតាដាក់ទំនាយ។
ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានការវាយចោលសំណង់បុរាណ ឬអគារបុរាណ ដោយបំពានច្បាប់។
លោកស្រី បានបន្តថា ករណីវាយសំណង់បុរាណ ឬអគារបុរាណ លុះត្រាតែសំណង់នោះចាស់ពេក ព្រោះខ្លាចប៉ះពាល់មនុស្ស។ ការវាយចោលសំណង់បុរាណ ឬអគារបុរាណ ប្រៀបបីដូចជាការមិនដឹងគុណបុព្វបុរស ដែលខំកសាងអីចឹង។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «[...] កុំឲ្យលង់ទៅតាម ជួនកាលសម្ពាធរបស់គេ ជួនកាលខ្លួនឯងចង់ដែរទៅ ក៏នាំគ្នាវាយចោលទៅ។ គ្រាន់តែប៉ុណ្ណឹង បង្ហាញពីការអត់ដឹងគុណ (បុព្វបុរសដែលបានកសាងសំណង់នោះ) បាត់ហើយ។ ក្នុងនាមអ្នកវប្បធម៌ បញ្ហាដឹងគុណ បើសិនអ្នកផ្សេងមិនដឹងទេ តែយើងត្រូវដឹង។ កន្លែងនេះ ខ្ញុំអត់និយាយទេ ប្រយ័ត្នដូនតាដាក់ទំនាញ»។
លោកស្រីរដ្ឋមន្ត្រី ក៏បានផ្តាំមន្ត្រីក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបណ្តោយឲ្យមានការវាយកម្ទេចចោលសំណង់បុរាណ ឬអគារបុរាណ ដែលនឹងប្រឈមមុខនឹងការពិន័យរដ្ឋបាល និងមានចែងក្នុងឯកសារប្រវត្តិសាស្ត្រថា ការពារស្ថាបត្យកម្មបុរាណមិនបានល្អ។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបន្តថា «ខ្ញុំក៏ជួយអត់បានដែរ។ ហ្នឹងជានីតិវិធីរដ្ឋបាលដាក់ពិន័យ ត្រូវដាក់ចែងក្នុងឯកសារប្រវត្តិសាស្ត្រថាមិនបានបំពេញកិច្ចការងារ និងការពារឲ្យបានគ្រប់គ្រាន់។ បើសិនការពារហើយ នៅតែការពារមិនបាន អាហ្នឹងអស់ចិត្តហើយ។ កន្លែងខ្លះ អត់តែម្តង។ នេះសូមផ្តាំផ្ញើទៅតាមអង្គភាពនីមួយៗ នៅក្នុងការថែរក្សាការពារ»។
កាលពីឆ្នាំ២០២២ មានការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម។ ជាមួយគ្នានេះ ក៏មានការវាយចោលសំណង់បុរាណ នៅវិហារ វត្តពោធិព្រឹក្ស ខេត្តកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
សារាចរ បានបញ្ជាក់ថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖
* ១៖ ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។
* ២៖ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
* ៣៖ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយ ផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរភាព។
* ៤៖ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕