(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅបន្ត និងផ្សព្វផ្សាយលទ្ធផលស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ និងសមាជិកសមាជិកា។
លោក ប្លែក វ៉ារី បានឡើងបង្ហាញរបាយការណ៍សង្ខេបពីលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ហើយលោក អ៊ុំ រាត្រី បានឡើងបង្ហាញរបាយការណ៍ស្តីពីសភាពការណ៍ទូទៅការងារ ឆ្នាំ២០២៤និងទិសដៅឆ្នាំ២០២៥ នៃសន្និបាតគណៈកម្មាធិការកណ្តាល និងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។
ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជូនពរជ័យមហាប្រសើរ និងថ្លែងអំណរគុណពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចជាអនុប្រធានគណបក្ស ជូនដល់សមាជិកាគណបក្សទាំងអស់។
ជាមួយនឹងការសាទរពីលទ្ធផលការងារដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២៤ ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន ឯកភាព និងគាំទ្រនូវរាល់ទិសដៅ ដោយបានណែនាំឱ្យបន្តរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តពង្រឹងលើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ព័ត៌មានក្លែងក្លាយ សេវាសាធារណៈ ដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋ ដោះស្រាយបញ្ហាចំណាកស្រុក ការប្រើប្រាស់ទឹក កសិកម្ម នៅរដូវប្រាំង ត្រៀមជួយអន្តរាគមន៍នានាមានគ្រោះរាំងស្ងួត បង្ការគ្រោះអគ្គិភ័យ បំផុសចលនាឲ្យយុវជននៅតាមភូមិចូលរៀនជំនាញបច្ចេកទេស ការលើកទឹកចិត្តឲ្យបង្កើតមុខរបរអាជីវកម្មខ្នាតតូចនៅតាមសហគមន៍ និងជំនួយបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ជាដើម។ល៕