(ភ្នំពេញ)៖ ភាពយន្តខ្នាតធំមួយរឿងទៀតហើយ ដែលជាវណ្ណកម្មរបស់ផលិតកម្ម «មហាហង្ស» សហការគ្នាជាមួយផលិតកម្ម «ផ្កា៥» របស់អ្នកស្រី ពាន់ ភួងបុប្ផា និងជាការដឹកនាំសម្ដែងផ្ទាល់ របស់អ្នកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា​ «បណ្ដឹងស្រីទាំង៥» បានបើកពិធីបង្ហាញ ថ្ងៃចាក់បញ្ចាំជាផ្លូវការហើយ នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងផ្សារទំនើប Aeon Mall ខណៈផលិតករ ក្នុងរឿងនេះ បានថ្លែងបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំង​លើសលុប ពីសំណាក់​ទស្សនិកជន។

លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងជាផលិតករ បានបញ្ជាក់ថា រឿង ​«​បណ្ដឹងស្រីទាំង៥» គឺជាការសម្រិតសម្រាំងឡើង យ៉ាងផ្ចិតផ្ចង់ ទាំងតួសម្ដែង បច្ចេកទេស ទីតាំងថត ដើម្បីឲ្យបានភាពយន្តខ្នាតធំមួយ មានគុណភាព មានស្ដង់ដារ អាចទទួលយកបាន ដើម្បីចូលរួមប្រកូតប្រជែង ក្នុងទីផ្សារអន្តរជាតិ។ ជាពិសេសក្រោមការដឹកនាំសម្ដែង របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកដឹកនាំសម្ដែង មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ឆ្នាំមកហើយនោះ នឹងធ្វើឲ្យផ្ទៃរឿងទាំងមូល មានភាពទាក់ទាញ រស់រវើក ធ្វើឲ្យអ្នកទស្សនា ជក់ចិត្ត។

លោកបន្តថា ភាពយន្តរឿង ​«​បណ្ដឹងស្រីទាំង៥» ជាភាពយន្តខ្នាតធំមួយ ដែលចំណាយទុនអស់ច្រើងជាងគេ ក្នុងចំណោមរឿងជាច្រើន របស់ផលិតកម្ម មហាហង្ស ពោលគឺចាយទុនផលិត អស់ប្រមាណជា ១៥ ម៉ឺនដុល្លារ ។ ជាពិសេស​រឿងនេះ គឺជាភាពយន្តខ្មែរលើកទី១ ដែលផលិតកម្មហ៊ានចំណាយ​រថយន្តទំនើបៗ ចំនួនពីរគ្រឿង គិតជាប្រាក់ប្រមាណ ជាង៤ម៉ឺនដុល្លារ ដើម្បីថតភាពយន្តនេះ ឲ្យកាន់តែអស្ចារ្យបន្ថែមទៀត។​

ផលិតកររូបនេះ បានសង្កត់ធ្ងន់ទៀតថា អ្វីដែលលោករំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង​ពីសំណាក់មហាជន បន្ទាប់ពីគុណភាពនៃផ្ទៃរឿងទាំងមូលល្អ​ហើយនោះ គឺក្នុងរឿង នៅមានតារាសម្ដែងល្បីៗ ជាច្រើនដួងទៀត​ចូលរួមសម្ដែង ពោលគឺប្រជុំទៅដោយតារា ប្រុសស្រី​ល្បីៗ មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែង។ តារាទាំងនោះរួមមាន កញ្ញា មាន សូនីតា អ្នកនាង សុខ សោម៉ាវត្តី កញ្ញា គៀត សុវណ្ណាឡាង កញ្ញា នី មុនីនាថ កញ្ញា សូ ដានីតា លោក យ៉ែម សំអូន កញ្ញា នាយ ទុយ កញ្ញា ទឹម រដ្ឋា លោក ភិម តារាវិបុល កញ្ញា នេត សុចរិយា និងតារាល្បីជាច្រើនទៀត ដែលធ្វើឲ្យផ្ទៃរឿងទាំងមូល កាន់តែជក់ចិត្ត។

ដោយឡែកកវី​និពន្ធ និងដឹកនាំសម្ដែង អ្នកស្រី ពាន់ ភួងបុប្ផា ក៏បានថ្លែងពីក្ដីរំពឹង មិនខុសពីលោក អ៉ិន សុភិន ប៉ុន្មានឡើយ។ យ៉ាងណាមិញ បន្ទាប់ពីលោកស្រី បានសម្រាកអស់​រយៈពេល ជាង៣ឆ្នាំមក អ្នកស្រីក៏មានចិត្តចង់​ផលិតរឿងបន្តទៀត ហើយបានតាក់តែងនិពន្ធរឿងនេះ ទុកជាយូរមកហើយ ទើបតែនៅពេលនេះ បំណងចង់បង្ហាញស្នា​ដៃ​របស់ខ្លួន បានសម្រេច ដោយលោកស្រី​បានកៀរគ តារាល្បីៗ សុទ្ធសឹងតែមានទេពកោសល្យ ក្នុងការសម្ដែង មកប្រជុំគ្នា ក្នុងរឿងនេះតែម្ដង។

សូមបញ្ជាក់ថា រឿង «​បណ្ដឹងស្រីទាំង៥» នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តទៅ តាមបណ្ដារោងភាពយន្តទំនើប ទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕