(កំពង់ចាម)៖ រយៈពេល២៦ឆ្នាំកន្លងមកនេះ ក្រោមម្លប់នៃសន្តិភាព បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ នាំមកការផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័សជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។
សមិទ្ធិផលជាតិជាប្រវត្តិសាស្ត្រនេះ គឺជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំឈ្លាសវៃ និងមានចក្ខុវិស័យច្បាស់លាស់ នោះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ជាអគ្គមគ្គុទ្ទេសក៍ឯក នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍនៅកម្ពុជា។
នេះជាការលើកឡើងរបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ, ពិធីបិទ បើកវគ្គបណ្តុះបណ្តាល និងសម្ពោធសមិទ្ធផលនានា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន លើកឡើងបន្តថា រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលធំៗយ៉ាងច្រើនបន្ថែមទៀត តាមរយៈការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
លើកិច្ចការពារដែនអធិបតេយ្យ រាជរដ្ឋាភិបាលបានបន្តបេសកកម្ម ដោះស្រាយបញ្ហាព្រំដែននៅសេសសល់ តាមគោលនយោបាយកសាងព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយដើរទន្ទឹមគ្នានឹងការអនុវត្តគោលការណ៍កសាង «ខឿនការពារជាតិរបស់ប្រជាជន»។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរដល់បញ្ជាការដ្ឋានវិស្វកម្មដែលសម្រេចស្នាដៃធំៗជូនជាតិ ហើយស្នាដៃទាំងនោះ រំលេចឡើងតាមរយៈការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ សំណង់អគារ បោសសំអាតគ្រាប់មីនរំដោះដីស្រែជូនប្រជាពលរដ្ឋ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់ សាលារៀន វត្តអារាម និងកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានវិស្វកម្ម ដែលប្រតិបត្តិម៉ឺងម៉ាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៅក្នុងការអនុវត្តគោលនយោបាយ ការចូលរួមបោះបង្គោលព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញផ្លូវក្រវ៉ាត់ព្រំដែន ដែលជារបងរឹងមាំកើតមានក្នុងសម័យតេជោ៕