(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនបានបំភ្លេចពួកគាត់ មានទីលំនៅដាច់តំបន់ស្រយ៉ាល់ ហើយបានគិតគូរបញ្ហាអណ្តូងស្នប់ ជីកជូនពួកគាត់ឲ្យបានប្រើប្រាស់ ខណៈពេលពួកគាត់មិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងបរិភោគជាដើម។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខណៈដែលលោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខាកាកបាទក្រកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើដោយលោក ព្រំ រឿន មេបញ្ជាការរង នៃនគរបាលភូមិភាគទី៥ បានចុះពិនិត្យ និងប្រគល់ជាក់ស្តែងទីតាំងអណ្តូងស្នប់ទឹកស្អាតចំនួន៥គ្រឿង ជូនប្រជាពលរដ្ឋដាច់ស្រយ៉ាល ឲ្យប្រើប្រាស់ចាប់ពី ថ្ងៃនេះតទៅ ដែលស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុងអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លុះព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ លោក អ៊ុយ សំអាត អមដំណើដោយលោក សួន បវរ អភិបាលខេត្ត លោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានចុះពិនិត្យ និងប្រគល់ជូនអណ្តូងស្នប់ទឹកស្អាត១៥គ្រឿងទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក។
ក្នុងឱកាសនោះដែរ លោក អ៊ុយ សំអាត បាននាំការនឹករលឹកការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំពោះយោធិនពិការទាំងអស់ រស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ដែលកន្លងមកនេះ បានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំពេញ បុព្វហេតុ មាតុភូមិកម្ពុជាឈានមកដល់ការអភិវឌ្ឍន៍ មិនចេះឈប់ឈរ រីកចម្រើនគ្រប់វិស័យនាបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោក អ៊ុយ សំអាត បានផ្តល់ឲ្យយោធិនពិការជាង១០០នាក់ នូវក្រមា១ សារុង១ និងថវិកា មួយចំនួន បន្ថែមផងដែរ៕