(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានFresh Newsថា អាជ្ញាធរាជធានីភ្នំពេញ នឹងបន្ដការបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសទាំងអស់គ្នា ដើម្បីការពារនិងទប់ស្កាត់ការកកើតជម្ងឺគ្រុនឈាមនៅក្នុងសហគមន៍។
លោកស្រី ដោ សម្ផស្ស ថ្លែងយ៉ាងដូច្នេះថា «ដោយសារមួយរយៈចុងក្រោយនេះដែលយើងសង្កេតឃើញថា មានការកើនឡើងវិញនៃសត្វមូស ឯកឧត្ដមអភិបាលបានបញ្ជាឲ្យបន្តយុទ្ធនាការឡើងវិញ ដោយទើបតែចាប់ផ្ដើមម្សិលមិញទេ ដូច្នេះយើងនឹងបន្តរហូតដល់គ្រប់គោលដៅទាំង១០៥សង្កាត់ […] បើត្រឹមតែការបាញ់ថ្នាំមូសមួយមុខមិនអាចចូលរួមក្នុងការកាត់បន្ថយកំណើតមូសបានទេ មានតែការចូលពីបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ក្នុងការសម្អាតបរិស្ថាននៅជុំវិញគេហដ្ឋាន និងសហគមន៍ក្នុងការបំបាត់នូវជម្រកមូស ទើបអាចកាត់បន្ថយការងារនេះបាន»។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញបានចង្អុលបង្ហាញឲ្យ អាជ្ញាធរាជធានីភ្នំពេញធ្វើសកម្មភាពអនុវត្តលើកទី១ ក្នុងការបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋនៅតាមភូមិ-សង្កាត់ អស់រយៈពេល ១៦ថ្ងៃរួចមកហើយ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
ដោយឡែក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរាជធានីភ្នំពេញបានបន្តសកម្មភាពអនុវត្តជាលើកទី២ ក្នុងការកម្ចាត់មូសដោយបាញ់ថ្នាំមូសនៅតាមមូលដ្ឋានតាមសង្កាត់នីមួយៗជូនប្រជាពលរដ្ឋរហូតគ្រប់ ១០៥សង្កាត់។ ក្នុងករណីដែលមូលដ្ឋានក្នុងសង្កាត់ណាមួយមិនមានការថមថយ អាជ្ញាធរាជធានីភ្នំពេញ នឹងបន្តចុះបាញ់ថ្នាំមូសបន្តទៀតជូនប្រជាពលរដ្ឋតាមការស្នើសុំ។
ទន្ទឹមនេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាសម្អាតជុំវិញគេហដ្ឋាន សហគមន៍ដែលខ្លួនកំពុងរស់នៅ ដើម្បីលុបបំបាត់ជម្រកនៃសត្វមូសផងដែរ៕