(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការគាំទ្រដល់ការទូតសាធារណៈអាស៊ាន និងបានគូសបញ្ជាក់ពីសារៈសំខាន់​នៃការចូលរួមរបស់​ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងការជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីគោលបំណង និងអាទិភាពនានារបស់អាស៊ាន ក្នុងចំណោមសាធារណៈដែលកាន់តែទូលំទូលាយ។

នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានទទួលជួបពិភាក្សាការងារជាមួយលោក Mario Ignacio Artaza ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ​ទស្សនៈស្តីពីភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងរិះរកវិធីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានអត្ថន័យ ព្រមទាំង ការចាប់អារម្មណ៍របស់ស៊ីលី ដើម្បីចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ​ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហភាពអឺរ៉ុប ដែលកំពុងបំពេញបេសកកម្មធុរកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីតួនាទីរបស់វិស័យឯកជន ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល ក្នុងពន្លឿននិរន្តភាពនៅក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃនវានុវត្តន៍ និងការវិនិយោគរបស់វិស័យឯកជន ក្នុងការជំរុញរបៀបវារៈទាំងអស់នេះ ស្របពេលដែលរិះរកវិធីដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងតួអង្គពាក់ព័ន្ធនៅក្នុងអាស៊ាន និងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕