(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោក គួច ចំរើន បានជម្រុញបែបនេះនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គ្រាដែលលោកបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងផងដែរ។
ក្នុងឱកាសចុះពិនិត្យនេះដែរលោកអភិបាលខេត្តកណ្ដាល និងក្រុមការងារ បានធ្វើការចុះពិនិត្យនៅតាមប្រឡាយទឹកនានានៅក្នុងឃុំ ដែលជាប្រភពដ៏សំខាន់ក្នុងការរុញច្រានទឹក ឱ្យដល់ស្រែរបស់ប្រជាកសិករ និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក ជាក់ស្ដែងបន្ទាប់ពីបានទទួលការអន្តរាគមន៍ដោយយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាក់ស្ដែងនៅតាមប្រឡាយនានា មានទឹកសម្រាប់ឱ្យប្រជាកសិករបូមស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ក្នុងរដូវប្រាំងនេះ។
លោកអភិបាលខេត្ត បន្តថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹកថា សម្រាប់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។
ទន្ទឹមនឹងនេះលោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ព្រោះបើសិនជាប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱដឹងថា ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង៦ពាន់ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកខ្សាច់កណ្ដាល មានផ្ទៃដីស្រែប្រាំងប្រមាណ ជាង៣រយហិចតា ដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព។
លោកប្រធានមន្ទីរបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ មិនទាន់មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយគ្រួសារណាក្នុងខេត្តកណ្ដាល រងការខូចខាតដោយខ្វះខាតទឹកស្រោចស្របឡើយ៕