(កំពង់ធំ)៖​ ក្នុងឱកាសចុះពិនិត្យស្រែស្រូវ​ និងប្រភពទឹកក្នុងការសង្គ្រោះស្រូវប្រាំងកសិករនៅក្នុងភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី ៦​ខែកុម្ភៈ​ ឆ្នាំ២០២៥នេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង​ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់​ ពិនិត្យលទ្ធភាពជាក់ស្ដែង​ ក្នុងការសង្គ្រោះស្រូវកសិករ។

លោកបានសង្កត់ធ្ងន់ថា​ ប្រជាកសិករ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ ភូមិ ឃុំ ត្រូវពិនិត្យលទ្ធភាព សិក្សាស្រង់ស្ថិតិឲ្យបានជាក់ស្ដែងបំផុតនូវ ប្រភពទឹកដែលមានស្តួចស្តើងបំផុតតែនៅក្នុងអន្លង់ជ្រៅៗមួយចំនួននៃស្ទឹងស្ទោងព្រមទាំង ស្រែស្រូវរបស់ខ្លួនដែលអាចសង្គ្រោះបានជាមុនសិនទើបលោកអនុញ្ញាតឲ្យដំណើរការបូមសង្គ្រោះសារជាថ្មី ស្រែស្រូវណាដែលអាចសង្គ្រោះបានពិតប្រាកដហើយដែលអាចនឹងឈានទៅទទួលបានទិន្នផល។

ផ្ទុយទៅវិញប្រសិនបើស្រែស្រូវមួយចំនួនដែលពុំមានអាទិភាពក្នុងការសង្គ្រោះទេគឺពុំអនុញ្ញាតឲ្យបូមស្រោចស្រពបន្ថែមទៀតឡើយ ព្រោះអាចនាំឱ្យបាត់បង់នូវថវិកាបន្ថែមទៀត ហើយស្រែស្រូវក៏ពុំទទួលបានទិន្នផលព្រោះអាចនឹងស្វិតស្រពោនដែលពុំអាចសង្គ្រោះព្រោះពុំមានប្រភពទឹកបូបសង្គ្រោះទៀតទេ ស្រែស្រូវមានបរិមាណមាណច្រើនប៉ុន្តែប្រភពទឹកសង្គ្រោះមានតិចតួចបំផុត។

លោកបានអំពាវនាវដល់ប្រជាកសិករម្ចាស់ស្រែត្រូវទទួលយកការពិត​ និងសហការខ្ពស់បំផុតជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធឱ្យអស់ពីលទ្ធភាពក្នុងការសិក្សាឱ្យបានជាក់ច្បាប់បំផុតនូវស្រែដែលអាចសង្គ្រោះបាន​ ឬស្រែៗដែលត្រូវបោះបង់ចោល។

លោកបានជំរុញបន្ថែមដល់អាជ្ញាធរភូមិភូមិបេង និងឃុំបន្ទាយស្ទោង ត្រូវធ្វើរបាយការណ៍ស្ថិតិនេះ ឲ្យបានលឿននិងបន្ទាន់បំផុតដើម្បីលោក ពិនិត្យលទ្ធភាពនិងអាទិភាពហើយត្រឡប់មកជួបនិងជួយបូមសង្គ្រោះសារជាថ្មីឱ្យទាន់ពេលវេលា៕