(ពោធិ៍សាត់)៖ អំពើហិង្សាក្នុងគ្រួសារបានកើតឡើង ដោយសារកូនផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយគម្រាមសម្លាប់ឪពុកម្តាយ ធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំកណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលបែកក្បាលលៀនភ្នែករងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដាច់ខ្យល់ស្លាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦៖៤៥នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលឪពុកបង្កើតកាប់នឹងពូថៅ បែកក្បាល និងលៀនភ្នែកស្លាប់នោះ មានឈ្មោះ សាន ឌី អាយុ ២៧ឆ្នាំ មានឪពុកឈ្មោះ កៅ សាន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការរងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនបានផឹកស្រាស្រវឹងជោគ ដោយបាត់បង់ស្មារតីដូចសព្វមួយដង ហើយជារឿយៗជនរងគ្រោះ តែងតែដៀលប្រមាថចង់សម្លាប់ឪពុកម្តាយ ពេលនោះធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំកណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលឲ្យបែកក្បាលលៀនភ្នែកឆ្វេងចេញមកក្រៅរងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យជាឪពុក បានរត់គេចខ្លួនបាត់ស្រមោល ហើយសាកសពជនរងគ្រោះជាកូនត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដឹកត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕