(ភ្នំពេញ)៖ ក្នុងពិធីចុះអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការការងារ រវាងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក គី តិច បានថ្លែងបញ្ជាក់ថា " តាងនាមក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងជំនួសមុខជូនប្រជាពលរដ្ឋរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ដែលទទួលបានការការពារសិទ្ធិ និងផ្ដល់យោបល់ច្បាប់ ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សូមសម្ដែងនូវការគោរពដឹងគុណប្រកបដោយភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងបានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់ប្រតិបត្តិការការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា " ។

បន្ថែមពីនេះ លោកគី តិច ក៏បានសម្ដែងនូវការគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងផ្ដល់នូវមតិដឹកនាំ ជំរុញលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពនានា របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ផងដែរ ។

លោក គី តិច បានឲ្យដឹងទៀតថា ដោយគោរពប្រតិបត្តិតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន « ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន » ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយដល់ស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បំពេញភារកិច្ចដោយស្ម័គ្រចិត្ត ឥតទទួលយកកម្រៃសេវា ពីប្រជាពលរដ្ឋរងគ្រោះ ឡើយ ។
លោកមេធាវី គី តិច ក៏បានគូសបញ្ជាក់ដែរថា ប្រតិបត្តិការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ពុំបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលទេ ពោលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់រាល់ការចំណាយលើបេសកកម្មការងាររបស់ក្រុមមេធាវីទាំងស្រុង។