(វៀងចន្ទន៍)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយជាមួយលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ឆ្នាំ២០២៥-២០២៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្ដាកគណបក្សប្រជាជនកម្ពុជា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវចុះហត្ថលេខាដោយលោក ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាតំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោក ម៉នសៃ ឡាវមួសុង អគ្គលេខាធិការសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងនិងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងយុវជនគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ដែលជាប្រពៃណីដ៏ល្អប្រសើររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ៕