(ភ្នំពេញ)៖ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដែលជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មាន ពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ Fresh News បានជួបសម្ភាសជាមួយ លោក ប៊ុន​ ណារិន ម្ចាស់សហគ្រាសផលិតអំបិល «ថូង» ដែលជាសហគ្រាសផលិតអំបិលពីទឹកសមុទ្រកម្ពុជា។

លោក ប៊ុន​ ណារិន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា អំបិលសមុទ្រកម្ពុជារបស់លោក បានឈានជើង និងកំពុងប្រកួតប្រជែងនៅលើទីផ្សារជប៉ុន និងអឺរ៉ុប។ ម្ចាស់សហគ្រាសផលិតអំបិល «ថូង» បានរៀបរាប់ប្រាប់ពីដំណើរការផលិតអំបិលពីមួយដំណាក់កាល ទៅមួយដំណាក់កាល ទម្រាំចេញជាផលិតផលជលផលកម្ពុជា ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ហើយលោកបានបញ្ជាក់ថា ទំរាំបានអំបិលមួយគ្រាប់ៗត្រូវប្រើប្រាស់រយៈពេល៤៥ ទៅ៥០ថ្ងៃ និងត្រូវបន្តរក្សាទុកចន្លោះពី៣ថ្ងៃ ទៅមួយសប្ដាហ៍ទៀតទើបប្រមូលផល..។

លោកបានបញ្ជាក់ថា សម្រាប់ទិន្នផលដែលទទួលបានត្រូវគណនាតាមទំហំផ្ទៃដី តំបន់ខ្លះអាចបាន២០តោន ប៉ុន្តែសម្រាប់តំបន់លោក ទទួលបានប្រមាណជាង៣០ ទៅ៤០តោន ទៅតាមប្រភេទដីដែលបានប្រើប្រាស់។

ក្រោមការជួយជ្រោមជ្រែងពីគម្រោង Capfish-Capture របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), លោក ប៊ុន ណារិន បានបញ្ជាក់ថា បច្ចុប្បន្ននេះផលិតផលអំបិលរបស់លោក បានផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណជា៥០%ប៉ុណ្ណោះ ខណៈដែលប៉ុន្មានឆ្នាំមុន សហគ្រាសលោកបាននាំចេញទៅខាងប្រទេសជប៉ុន និងខាងប៉ែកអឺរ៉ុប នៅក្នុងបរិមាណតិចតួចនៅឡើយ ត្រឹមតែ១កុងទ័រណឺប៉ុណ្ណោះ។

ការណ៍នេះ លោក បានគូសបញ្ជាក់ថា ដោយសារបញ្ហាកូវីដ ធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ច ដែលនៅពេលនោះសហគ្រាស «ថូង» បានចុះកិច្ចសន្យាជាមួយខាងប្រទេសបារាំង ប៉ុន្តែបារាំងបានស្នើសុំបញ្ចប់កិច្ចសន្យានោះ។

បន្ថែមពីនេះ​ លោក ប៊ុន ណារិន បានបង្ហាញពីលក្ខណៈពិសេសរបស់អំបិលសមុទ្រខ្មែរ ដែលមានពណ៌ស្រអាប់ក៏ពិតមែន ប៉ុន្តែពេលទទួលទានមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ ដែលផ្ទុយពីអំបិលដែលមានពណ៌សម្បុរស ផ្ទុកទៅដោយសារធាតុសូដ្យូមច្រើន ដែលអាចនឹងបង្កបញ្ហាផ្សេងៗពេលបរិភោគច្រើន។

ជាមួយគ្នានេះ លោក បានបញ្ជាក់ថា ការនាំចេញទៅទីផ្សារអឺរ៉ុប គឺត្រូវមានស្ដង់ដារសុខភាពចំណីអាហារត្រឹមត្រូវ ទាំងកម្រិតសូដ្យូម ទាំងសារធាតុចិញ្ចឹម ទាំងការវេចខ្ចប់ជាអាទិ៍ ទើបអាចឈានជើងចូលទីផ្សារអឺរ៉ុបបាន។

លើសពីនេះ លោក បានលើកឡើងថា អំបិលរបស់ខ្មែរ មានរសជាតិឆ្ងាញ់ជាងអំបិលនៅក្នុងស្រុកគេ ព្រោះដោយសារទឹកសមុទ្រកម្ពុជាមិនមានការបំពុលខ្លាំងដូចនៅប្រទេសដទៃទៀត ជាអំណោយផលមួយដល់គុណភាព និងរសជាតិអំបិលដែលចម្រាញ់ចេញពីទឹកសមុទ្រកម្ពុជា៕