(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមាន​ជនបរទេស ដោយធានាបានថាជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់។

ការស្នើបែបនេះរបស់លោក ហ៊ុន សុរិទ្ធី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោក ហ៊ុន សុរិទ្ធី បានឱ្យដឹងទៀតថា បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល មកប្រជុំនាពេលនេះមានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង​វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន។ ត្រូវជៀសឱ្យបានពីការចោទប្រកាន់ថាជាអ្នកផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។

លោក ហ៊ុន សុរិទ្ធី អភិបាលរាជធានីបានបន្តទៀតថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ពិតជាគាំទ្រចំពោះការបើកអាជីវកម្មរបស់បងប្អូន តែយើងក៏មិនចង់ឃើញមានអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ឬលាក់ទុកជនបរទេសមិនស្របច្បាប់នោះទេ។

លោកបានបន្ថែមថា ដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេសទូទាំងប្រទេសកម្ពុជា។ ធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ដោយយកមកប្រថាប់ត្រានៅសង្កាត់ ដែលមានកិច្ចសន្យាច្បាស់លាស់ តើថា ជនបរទេសទាំងនោះ ស្នាក់នៅប៉ុន្មាននាក់ ប៉ុន្មានថ្ងៃ ខែ ជាដើម។ បើមិនអនុវត្តតាមការណែនាំខាងលើនេះទេ នៅពេលមានបញ្ហាគឺអាចប្រឈមមុខចំពោះផ្លូវច្បាប់ហើយ៕