(ភ្នំពេញ)៖ គណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ បានរៀបចំពិធីប្រកាសសេចក្តី សម្រេចស្តីពីការបំបែកគណៈកម្មាធិការគណបក្សមូលដ្ឋាន សង្កាត់ទួលសង្កែទី១ និងគណៈកម្មាធិការបក្សសង្កាត់ទួលសង្កែទី២ រួមនិងការតែងតាំងមន្ត្រីបក្សរបស់ខ្លួន ដើម្បីពង្រីក និងពង្រឹងបន្ថែមលើសមាសភាពបក្សមូលដ្ឋាន ព្រមទាំងកែសម្រួលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅមន្ទីរបក្សខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក អូស្មាន់ ហាសាន់ ប្រធានក្រុមការងារ ចុះជួយខណ្ឌប្ញស្សីកែវ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សា ខណ្ឌនិងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ រួមនិងប្រធានគណៈកម្មាធិការបក្សខណ្ឌលោក ធុយ សុខន អនុប្រធានប្រចាំការ សមាជិក-សមាជិកាគណៈកម្មាធិការ គណបក្សខណ្ឌ-សង្កាត់ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ស រុបជាង៣០០នាក់ផងដែរ។
នៅឱកាសនោះដែរ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ លោក អូស្មាន់ ហាសាន់ បានលើកឡើងថា ដើម្បីពង្រឹងសមាសភាពស្នូលបក្សចាំបាច់ត្រូវកែទម្រង់ ដោយបំបែកគណៈកម្មាធិការបក្សមូលដ្ឋាន សង្កាត់ទួលសង្កែទី១ និងគណៈកម្មាធិការបក្សសង្កាត់ទួលសង្កែទី២ ព្រមទាំងតែងតាំងមន្ត្រីគណៈកម្មាធិការបក្សបញ្ចូលបន្ថែមមួយចំនួនឲ្យកាន់តែមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា លោក ធុយ សុខន ក៏បានឆ្លៀតចូលរួមឧបត្ថម្ភជាថវិកា ជូនដល់គណៈកម្មាធិការបក្សសង្កាត់ទួលសង្កែទី១ និងគណៈកម្មាធិការបក្សសង្កាត់ទួលសង្កែទី២ ចំនួន១លានរៀលផងដែរ ដោយក្នុងមួយសង្កាត់ទទួលបាន៥សែនរៀល។
លោក អូស្មាន់ ហាសាន់ បានថ្លែងថា នបោយាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ដែលបានអូសបន្លាយជាង៣ទស្សវត្សរ៍ រវាងភាគីខ្មែរ និងខ្មែរត្រូវបានផុតរលត់ទាំងស្រុង ហើយសន្តិភាព ស្ថេរភាព សន្តិសុខសង្គម និងការអភិវឌ្ឍន៍ ត្រូវបានធានាបានយ៉ាងមានប្រសិទ្ធភាព រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លើសពីទៅទៀត នយោបាយនេះបានធ្វើឲ្យកម្ពុជាទាំងមូលមានសាមគ្គីភាព និងការបង្រួបបង្រួមជាតិទាំងស្រុង៕