(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅទីតាំងណាក៏ដោយ គឺសុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរស័ព្ទចល័ត និងអ៉ីនធ័រណេត ព្រមទាំងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណី ដើម្បីបើកផ្លូវឆ្ពោះទៅរកកាលានុវត្តភាព (ឱកាស) ថ្មីៗបន្ថែមទៀត។

បើតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, កម្ពុជាកំពុងស្ថិតក្នុងទិន្នការនៃយុគផ្លាស់ប្ដូរមួយ ដែលបរិវត្តន៍កម្មឌីជីថល ពុំមែនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្ដែកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងទិន្នការនៃយុគផ្លាស់ប្ដូរមួយ ដែលបរិវត្តន៍កម្មឌីជីថល ពុំមែនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្ដែកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណី ដើម្បីបើកផ្លូវឆ្ពោះទៅរក កាលានុវត្តភាពថ្មីៗ។ យើងសង្កេតឃើញថា ពលរដ្ឋគ្រប់រូបនៅទីតាំងណាក៏ដោយ គឺសុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរស័ព្ទចល័ត និងអុីនធ័រណេត និងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ប្រជាពលរដ្ឋគ្រប់រូបក្រៅពីប្រើប្រាស់ Smart Phone ហើយនោះ ថែមទាំងមានភ្ជាប់ជាមួយប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើនផ្សេងទៀត ពោលគឺសុទ្ធសឹងតែប្រើប្រាស់នូវប្រព័ន្ធអ៉ីនធ័រណេត។ សម្ដេចបានចាត់ទុកថា ប្រព័ន្ធឌីជីថលកំពុងផ្សាភ្ជាប់ជាមួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលពលេខ្លះទូរស័ព្ទកំពុងតែស្និទ្ធស្នាលជាងសាច់ញាតិថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើមូលដ្ឋាននៃគុណតម្លៃឌីជីថលនេះ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ក្នុងបញ្ចកោណទី៥ ដើម្បីចូលរួមជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជាឆ្នាំ២០៥០។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ឈរលើមូលដ្ឋាននៃគុណតម្លៃឌីជីថលនេះ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ក្នុងបញ្ចកោណទី៥ ដើម្បីចូលរួមជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជាឆ្នាំ២០៥០។

សម្ដេចបានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានអនុម័ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ជាមួយនឹងចក្ខុវិស័យរយៈពេលវែង ក្នុងការកសាង រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល បានដាក់ចេញ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» សំដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ឌីជីថល សន្តិសុខឌីជីថល និងសេវាសាធារណៈឌីជីថល៕