(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការបារម្ភអំពីផលប៉ះពាល់សុខភាព ដែលអាចបង្កមកពីស្ថានីយអង់តែនទូរស័ព្ទចល័ត ពីព្រោះតាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្ត្រណាបង្ហាញថា ស្ថានីយអង់តែន ទូរស័ព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ ជាពិសេសប្រទេសអភិវឌ្ឍន៍មិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «ខ្ញុំធ្លាប់លឺថានៅកៀកពេកប្រើកើតកង់ស៊ែ អ្នកខ្លះថាប្រើទូរស័ព្ទនិយាយយូរកើតកង់ស៊ែ តាមការសិក្សាផ្សេងៗ ប៉ុន្តែជាទូទៅគឺសុវត្ថិភាព បានល្អហើយក្រសួងក៏បានធ្វើការតាមដាននូវការវិវឌ្ឍនេះ ធម្មតាស្អីក៏មានជាតិវិទ្យុសកម្មដែរ ថ្មធម្មជាតិក៏មានវិទ្យុសកម្មដែរ ស្អីក៏ដោយមានវិទ្យុសកម្មទាំងអស់ គ្រាន់តែតិចឬច្រើន ចេញពីប្រព័ន្ធទូរស័ព្ទប៉ុន្តែទោះជាយ៉ាងណាការគិតគូក្នុងការរៀបចំអង់តែនចល័តត្រូវគិតគូគ្រប់ជ្រុងជ្រោយ មិនខុសពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទេ យើងគិតជាអេកូឡូជី វាចូលទៅក្នុងការរៀបចំទីក្រុងរបស់យើង កុំឱ្យចេះតែដាក់ម្ដុំទីនេះម្ដុំទីនោះ អាហ្នឹងយើងរៀបមាន Master Plan របស់យើងដើម្បីបាន។ អាធ្វើឱ្យកាត់កែសម្រួលវិញ វាអស់ថ្លៃផងហើយវាខាតពេល អញ្ចឹងការរៀបចំនេះសូមឱ្យយកចិត្តទុកដាក់ ជាពិសេសនៅទីប្រជុំជនមួយចំនួនប្រព័ន្ធសេវារបស់យើងកន្លែងខ្លះរាងខ្សោយ កន្លែងខ្លះចូលបូរីអីទៅវាដាច់ អ៊ីនធើណេតទូរស័ព្ទ អញ្ចឹងសូមពិនិត្យមើលជាមួយក្រុមហ៊ុន ដើម្បីបង្កើនឆ្នៃ ដោះស្រាយនូវបញ្ហាមួយចំនួន ដើម្បីបង្កើនភាពជឿទុកចិត្តរបស់ប្រព័ន្ធអ៊ីនធឺណេត ឬទូរស័ព្ទរបស់យើង»។
សម្ដេចបានសង្កត់ធ្ងន់ថា ប្រសិនជាមានការសិក្សាច្បាស់លាស់ថាមានផលប៉ះពាល់ដល់សុខភាព តាមរយៈស្ថានីយអង់តែន ទូរស័ព្ទចល័ត ពិតប្រកាដមែននោះម្ល៉េះបណ្ដាប្រទេសអភិវឌ្ឍន៍ទាំងអស់ នឹងមិនប្រើប្រាស់ទូរស័ព្ទចល័តទៀតឡើយ។
សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ការស្ថាបនាបណ្តាញខ្សែកាប លើអាកាស និងក្រោមដី និងដើម្បីបញ្ចប់គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការស្ថាបនាបណ្តាញខ្សែកាបអុបទិកទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការផងដែរ៕